jump to navigation

សីលធម៌ និង កុសលធម៌ ខុសគ្នាត្រង់ណា ? 04/06/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: , , ,
14 comments

 


 
គុណធម៌ > សីលធម៌ + កុសលធម៌

 

និយមន័យនៃពាក្យ សីលធម៌ ក្នុងវចនានុក្រមខ្មែរសម្ដេចជួន ណាត ចែងថា
សីលធម្មសីលធម៌ សីលដែលជាធម៌(របស់សត្វលោក) ឬ សីលនិងធម៌; កិរិយាមារយាទ, សណ្ដាប់ធ្នាប់, ដំបូន្មានដែលនាំឲ្យចៀសវាងអំពើអាក្រក់ ហើយឲ្យប្រព្រឹត្តតែអំពើល្អៈ ប្រកបដោយសីលធម៌, ប្រាសចាកសីលធម៌ ។
 
ចំណែកពាក្យ កុសលធម៌ គ្មានទេក្នុងវចនានុក្រមនោះ គេអាចរកឃើញតែពាក្យ
កុសល(ន.)(បា.)(កុសល់) កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់(បុណ្យ)។
ព.ផ្ទ. អកុសល ។
កុលសកម្ម (ន.)(បា.)(កុសល់ឡៈកាំ) “អំពើល្អ, ការងារគ្មានទោស, អំពើ
កម្ចាត់បាបធម៌ឲ្យឃ្លាតចេញ, ការកាត់អកុសលចេញ។ ឧ. ការកើតមកជាអ្នក
មាន ជាអ្នកប្រកបដោយសុភមង្គល គឺមកពីបានសាងកុសលកម្ម ។”

 
ហើយបើចង់រកពាក្យ គុណធម៌ ត្រូវចូលមើលបន្តនៅត្រង់ពាក្យ គុណ ទើបឃើញ
គុណធម៌(—ធ័រ) ធម៌ដែលមានដំណើរចម្រើនសេចក្តីសុខទុក្ខតាមជាន់តាមថ្នាក់
បានខាងអំពើល្អ អាក្រក់ គឺបុណ្យនិងបាបដែលបុគ្គលធ្វើ។ សេចក្តីល្អ, សេចក្តី បរិសុទ្ធ,
សេចក្តីអាណិត, ប្រណី ។

 
 
ខាងលើនេះជាសំរង់និយមន័យនៃពាក្យ សីលធម៌ កុសលធម៌ និង​ គុណធម៌ ចំលង
ចេញពីវចនានុក្រមខ្មែរសម្ដេចជួន ណាត ដែលកំពុងត្រូវបានកំណត់អោយយកប្រើ
ប្រាសជាគោលនិងជាផ្លូវការដើម្បីមានឯកភាពក្នុងសំនេរផង ផ្ទៀងផ្ទាត់រកអក្ខរាវិរុទ្ធ
ផងនិងសំរាប់ស្វែងយល់ពីនិយមន័យនៃពាក្យនិមួយៗផង ។
 
ដោយសេចក្តីពន្យល់ជានិយមន័យនៃពាក្យទាំងនោះហាក់ដូចនៅមិនដាច់ស្រឡះពី
គ្នាអោយស្រួលយល់បានផង ពិបាកយល់ជឿតាមងាយៗផង ដូចត្រង់ការរាប់បញ្ចូល
សេចក្តីទុក្ខ អំពើអាក្រក់ និងបាប ក្នុងសេចក្តីពន្យល់ជានិយមន័យនៃពាក្យ គុណធម៌
ថាជា ធម៌ដែលមានដំណើរចម្រើនសេចក្តីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើ
ល្អ អាក្រក់ គឺបុណ្យនិងបាបដែលបុគ្គលធ្វើ
ដូចឃើញខាងលើនោះ ខ្ញុំសាកល្បង
លើកយកឧទាហរណ៍មួយតាមការចងចាំនិងយល់ឃើញដើម្បីញែកនិយមន័យទាំង
នោះអោយងាយស្ដាប់និងឆាប់យល់បាននូវភាពខុសគ្នាដូចតទៅ ៖
 
ក្មេងជំទង់ម្នាក់បានឆក់កាបូបថៅកែច្រូចបានហើយកំពុងរត់ទៅ ។ ក្រោយពីដេញតាម
ទាន់និងចាប់បានក្មេងនោះហើយយកកាបូបមកវិញទាំងហត់គឃូស ថៅកែច្រូចមិន
បានប្រើកំហឹងវាយដំជេរស្ដីនិងនាំក្មេងនោះទៅកាន់ប៉ូលិសដើម្បីដាក់ទោសទ័ណ្ឌទេ។
ក្រោយពីសាកសួរក្មេងនោះដឹងពីភាពក្រីក្រដែលជាមូលហេតុនៃការឆក់លួចនោះហើយ
ច្រូចក៏និយាយណែនាំក្មេងនោះកុំអោយធ្វើដូច្នោះទៀតនិងបានប្រគល់ប្រាក់មួយចំនួន
ដល់ក្មេងនោះដោយសុទ្ធចិត្តនិងគ្មានរំពឺងចង់បានការតបស្នងគុណពីក្មេងនោះវិញទេ។
 
ការមានក្តីអំណត់មិនធ្វើអំពើហឹង្សា អត់អោនអធ្យាស្រ័យ និយាយណែនាំអបរំអោយ
ក្មេងនោះឈប់ប្រព្រឺត្តកំហុសឆ្គងនានាក្នុងសង្គម របស់ច្រូចនេះជា សីលធម៌
ការប្រគល់ប្រាកកាសដើម្បីជួយក្មេងក្រីក្រនោះដោយចិត្តបរិសុទ្ធគ្មានរំពឹងពីការតប
ស្នងសងគុណស្រ័យមកវិញរបស់ថៅកែច្រូចនេះជា កុសលធម៌ដូចនេះ
សីលធម៌ គឺសំដៅទៅលើវត្តមាននៃទង្វើល្អខាងផ្លូវកាយ វាចា និងចិត្ត ចំណែក
កុសលធម៌ គឺសំដៅទៅលើវត្តមាននៃទង្វើជាទានជួយឧបត្ថម្ភខាងផ្លូវសំភារៈ
មានប្រាក់កាស គ្រឿងប្រើប្រាសនិងគ្រឿងបរិភោគជាដើម ។ សីលធម៌ និង
កុសលធម៌ ទាំងពីរនេះជាមែកធាងចំបងរបស់ គុណធម៌ ដែលសំដៅទៅលើន័យ
ដ៏ធំគ្របដណ្ដប់គ្រប់វត្តមាននៃទង្វើទាំងឡាយដែលមានគុណប្រយោជន៍ មាន
លទ្ធផលជាវិជ្ជាមានតាមរយៈផ្លូវកាយ វាចា ចិត្ត និងតាមផ្លូវ​សំភារៈ ។

 
សំគាល់បន្ថែមៈ
ការធ្វើទានដោយរំពឹងចង់បានផលតបស្នងមកវិញបានន័យថាគ្មានចិត្តជ្រះថ្លា
បរិសុទ្ធក្នុងការបរិចា្ចគ មិនមែនហៅថាមានកុសលធម៌ទេ មិនមែនជាកុសលកម្ម
ហើយមិនអាចទទួលបានកុសលផលដែរ។​ ផ្ទុយទៅវិញទានកម្មមិនជ្រះថ្លាបរិសុទ្ធ
បែបបនេះប្រៀបបានទៅនឹងការបោះទុនធ្វើវិនិយោគអ្វីមួយអែនោះទេ ដែលអាច
ថាខាតនៅពេលដែលគ្មានរឺបានទទួលផលតបស្នងតិចជាងទានដែលអោយ និង
អាចថាចំណេញនៅពេលដែលបានទទួលផលតបស្នងច្រើនជាងដើមទុនទានដែល
បានធ្វើដូចក្តីរំពឹងទុក។
អញ្ចឹង តើការធ្វើបុណ្យដាក់ទាន ជួយ អោយ ជូន ប្រកេន ថ្វាយ ឧបត្ថម្ភសំភារៈ
ទាំងឡាយដល់អ្នកដទៃណាដែលកំពុងស្រេកឃ្លានត្រូវការ មានន័យបានថាជា
ការសាងកុសលធម៌រឺជាការបោះទុនចាំយកចំណេញទៅថ្ងៃមុខថ្ងៃក្រោយ?
បើជាការសាងកុសលធម៌ តើដើម្បីបំពេញបំណងខ្លួនអែងផងដែរមែនទេ ?
 
(សូមបញ្ជាក់ថានេះជាទស្សនៈផ្ទាល់ខ្លូនមួយរបស់ខ្ញុំប៉ុននោះ)
 

 


 

ជយោភាសាខ្មែរ! សម្ពន្ធខ្មែរ វចនាធិប្បាយ… 17/04/2011

Posted by achharia in កំសាន្តកំប្លែង, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: ,
8 comments
 

នមោ ពុទ្ធាយ សិទ្ធំ(១)

 

ថ្ងៃនេះសូមណែនាំបង្ហាញនូវទំព៍របណ្ណាល័យអេឡិកត្រូនិកខ្មែរមួយរបស់
JSUMMERHAYS ដែលមានប្រភពទីតាំងអាសយដ្ឋានវេបដូចខាងក្រោម
http://www.khmerbooks.org/Khmer-Library.html
 
នៅខាងក្រោមនេះជាសំរង់កំរងសៀវភៅខ្មែរ៦ក្បាលដ៏មានចំណាស់
ជាងសែហាសិបឆ្នាំមកហើយ។ ខ្ញុំគិតថាចំពោះអ្នកស្រឡាញ់ សិក្សា
និងស្រាវជ្រាវអក្សរសាស្ត្រខ្មែរ អំពីស្នាដៃអ្នកនិពន្ធខ្មែរយើងជំនាន់ដើម
មុខជាមានការចាប់អារម្មណ៍និងបើបានអាន វិភាឝពិចារណា សង្កេត
ប្រៀបធៀបពីសំនេរសម័យមុនក្នុងសៀវភៅទាំងនោះផងនោះ ក៏នឹង
មិនអត់ប្រយោជន៍ដែរ។

 

សូមចុចលើ View in fullscreen ដើម្បីមើលបានធំពេញផ្ទៃបង្ហាញ(screen)
របស់កុំព្យូទ័រ ហើយចុចលើ MENU ដើម្បីរកមើលសៀវភៅផ្សេងៗទៀត ។
 


 

 

 

 

 
ក្នុងសៀវភៅនេះ មុនសេចក្តីថ្លែងការណ៍រួមឃើញមានពាក្យខ្លះសរសេរ
នៅទំព័រទី៣ ពាក្យ ឧិយ ជំនួស ឧិ្យ
នៅទំព័រទី៤ កំរង ជំនួស កម្រង , សំរេច ជំនួស សម្រេច …។ល។
 

 
(១) មើលនៅសៀវភៅ កុមារដ្ឋាន ម៉ម សុទ្ធ​ ១៩៥២
នមោ អានថា នាក់មោ ប្រែជាខ្មែរថា សូមនមស្សការក្រាបថ្វាយបង្គំ
ឬថា សូមបន្ទន់លំអោនកាយវាចានិងចិត្តថ្វាយបង្គំ
ពុទ្ធាយ អានថា ពុទធាយាក់ ប្រែខ្មែរថា ចំពោះព្រះពុទ្ធ
សិទ្ធំ អានថា សិទធាំង ប្រែជាខ្មែរថា សូមឧិ្យបានសំរេចដោយការចេះដឹង
 
និងមើលនៅទំព័រទី៦១ ក្នុងសៀវភៅវេយ្យាករណ៍ខ្មែរពីឆ្នាំ១៩១៥
សរសេរជាភាសាបារាំងដោយលោក
Georges Maspero
(Grammaire de la langue khmère, 1915)

 




 

រូបកំរើកថ្ងៃនេះ(៣០-១០-២០១០) – តំរួត និង តម្រួត 30/10/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
8 comments
 

កំរើក រឺ(ឬ) កម្រើក ?

ខាងក្រោមនេះជារូបកំរើកដែលមានទំរង់ហ្វាយល៍ជា gif animation សំរាប់តាំង
លំអទំព័រនៅ ថ្ងៃទី៣០ ខែ១០ ឆ្នាំ២០១០ នេះដើម្បីចែកគ្នាមើលលេងកំសាន្ត ។

ខ្ញុំបានគិតមួយសន្ទុះ(សន់ទុះ?)ដែរថាគូរសរសេរពាក្យ កំរើក នេះជា កម្រើក
ដោយប្រើជើងអក្សរតំរួត(តម្រួត)រឺក៏មិនបាច់ ។ អូ៎! ខ្ញុំក៏បាននឹកឃើញហើយដែរ
ថាតាមក្បួនវេយ្យាករណ៍ខ្មែរបុរាណគឺ ពាក្យណា​ដែលក្លាយមកពីពាក្យដើមណា
មួយដែលគេសរសេរជាព្យាង្គតំរួត ត្រូវសរសេរបែបតំរួតតាមនោះ តាមគ្នា ។

ឧ.- ត្រួត(កិ.វិសេស) > តម្រួត(គុណនាម,កិរិយាស័ព្ទ) :
ខ្ញុំបានតំរួតសៀវភៅជាពីរជង់ ព្រោះក្របវារឹងនិងអាចនៅត្រួតគ្នាបាន ។
ខ្ញុំបានត្រួតសៀវភៅជាពីរជង់ ព្រោះវារឺងនិងអាចនៅតម្រួតគ្នាបាន ។

-ក្រើក(កក្រើក)(កិ., កិ​.វិ.) > កម្រើក(កិរិយាស័ព្ទ, គុណនាម) :
ក្នុងការបកប្រែជាខ្មែរតាមទំព័រអេឡិកត្រូនិកនេះកំពុងមានការខ្វែងយោបល់គ្នា
រហូតដល់មានការដៀលថ្មេះនិងប្រមាថគ្នាធ្វើអោយគេផ្អើលតាមមើលឡើង
ក្រើកទឹកក្រើកដី(ក្នុងការនិយាយគេច្រើនថា កក្រើកទឹកកក្រើកដី ដូចពាក្យ
ក ដែលភ្ជាប់ក្បាលនិងដងខ្លូនដែរ គេនិយាយថា កក គឺថែម ក មួយម៉ាត់ទៀត)
តែហាក់ដូចជាគ្មានបានកំរើកអ្វីទៅដល់ក្រុមអ្នកទទួលខុសត្រូវផ្នែកព៌តមានវិទ្យា
ថ្នាក់ជាតិនៅក្នុងស្រុកសោះ ព្រោះមិនឃើញមានការចូលជួយសំរបសំរួលនៅឡើយ។

ចុះហេតុអ្វីបានជាខ្ញុំជ្រើសយកការសេរសេរបែបព្យាង្គរាយ ជាជាងបែបព្យាង្គតំរួត ?
( នេះគ្រាន់តែជាសំនួរមួយដែលខ្ញុំសួរខ្លួនអែងទេ )
 
gif-animation-on-30-10-2010
 
 
ខ្ញុំក៏បានសាកល្បងឆ្លើយផង ឆ្លៀតពន្យល់និងរំលឹកដល់ខ្លួនអែងផងដូចខាងក្រោមថា ៖
អូ៎!កាលនោះ កាលពីសម័យឆ្នាំចិតសឹបប្លាយ សម័យសាធារណរដ្ឋ សម័យខេមរយានកម្ម
គេថា អក្សរសាស្ត្រខ្មែរមានការរីកចំរើនបានដល់កំរិតមួយគួរអោយកត់សំគាល់ណាស់។
កម្មវិធីសិក្សានៅថ្នាក់ក្រោមឧត្តមសិក្សាត្រូវបានកែប្រែ គ្រប់មុខវិជ្ជាត្រូវប្រែជាភាសាខ្មែរ
ទាំងអស់ កំអែលគរុកោសល្យរបស់ពួកបារាំងដែលតំរូវអោយកូនខ្មែររៀនជាភាសាបារាំង
ចាប់ពីថ្នាក់អនុវិទ្យាល៏យទៅក៏ត្រូវបានកូនខ្មែរអ្នកស្រលាញ់ភាសាជាតិនាំគ្នាជំរុះចោលអស់។
នេះមិននឹកនិយាយរហូតទៅដល់សម័យបារាំងដែលត្រូវរៀនបារាំង រៀនអ៊ីអ៊ុយតាំងពី
ថ្នាក់អង់ហ្វង់តាំងគឺថ្នាក់ទី១២រៀន ក ខ ដំបូងដែរនោះទេ ។ មែន! កូនខ្មែររៀនគ្រប់មុខ
វិជ្ជាជាភាសាខ្មែរ យល់បានលឿនជាង យល់បានច្បាស់ជាង បានពិន្ទុល្អៗពូកែៗជាង
អ្នករៀនជំនាន់ភាសាបារាំង បើគិតជាទូទៅ ។ ដំណាលគ្នានោះដែរ សាស្ត្រាចារ្យផ្នែក
អក្សរសាស្ត្រនិងអក្សរសីល្ប៍ខ្មែរដែលភាគច្រើនបានទទួលចំណេះដឹងបន្តពីលោក កេង
វ៉ាន់សាក់ ក៏បានបំផុសអោយយុវសិស្សខ្មែរនិយមស្រលាញ់ប្រើប្រាសពាក្យខ្មែរជាជាង
ពាក្យកំចីមកពីខាងភាសាបាលីនិងសំស្ក្រិតដែរ បើវាមានន័យដូចគ្នានិងជំនួសគ្នាបាន ។
អ៊ុទាហរណ៍ ប្រើពាក្យ ផ្ទះ ជាជាងពាក្យ គេហស្ថាន, យប់ ជាជាង រាត្រី… ជាដើម ។
ផងដែរ ដើម្បីសំរួលក្នុងការសរសេរអក្សរខ្មែរដោយប្រើម៉ាស៊ីនវាយអក្សរ(អង្គុលីលេខ)
ដែលឆ្នៃប្រឌិតដោយលោក កេង វ៉ាន់សាក់ កូនខ្មែរភាគច្រើនជំនាន់នោះបាននាំគ្នាយល់
ជឿតាមពីភាពមានប្រៀបជាងក្នុងការសរសេរពាក្យជាព្យាង្គរាយ ព្រោះពាក្យខ្លះបើសរសេរ
ជាបែបតំរួតជើងអក្សរច្រើនជាន់ ត្រូវចុចគន្លិះអង្គុលីលេខនោះច្រើនដងផង តំរូវជួរស្រៈ
ដែលនៅជួរក្រោមដូចស្រៈអុ ស្រៈអូ និងស្រៈអួ ជាដើមទំរាំបានត្រូវផង ។ ទៀតផងដែរ
ការកាត់បន្ថយរបៀបសរសេរត្រួតមកអោយបានឃើញច្រើនជាអក្សរនៅរាយរាបៗស្មើគ្នា
ជាងនេះក៏បានជួយលើកសំរស់សំនេរជាតួអក្សរខ្មែរយើងផង ក៏ដូចជួយដល់គំហើញក្នុង
ការអានផងដែរ គឺវាមិននៅពពាក់ពពូនគ្នាខ្លាំងពេកទេ ។ ជាពិសេសមកទៀត គឺមកដល់
សម័យកុំព្យូទ័រសព្វថ្ងៃនេះតែម្តង មានទំព័រខ្លះ មានប្លក់ខ្លះ ដូចនៅតាមបណ្តាញសង្គមឬ
ណិតវើកសង្គមខ្លះ អ្នករៀបរៀងបានតាក់តែងម៉ូតទំព័រគំរួសំរាប់អោយប្រើបានស្រេចៗ
ដោយទុកប្រលោះខ្លះអោយវាយតួអក្សរចូលបាននិងឃើញបានអស់តែចំពោះពាក្យណា
ដែលគេសរសេរត្រួតតែមួយជាន់ គឺគេតំរូវយកតាមកំពស់របស់តួអក្សរឡាតាំងប៉ុននោះ ។
អ្នកលេងប្លកក៏ដូចអ្នកធ្វើវេបសៃថ៍ខ្លះគង់មានថ្ងៃជួបប្រទះបញ្ហានេះមិនខាន ។

ដូចនេះ ខ្ញុំគ្រាន់តែគិតថាការសរសេរបែបពង់រាយ វាមិនមែនជាកំហុសធ្ងន់ធ្ងរអ្វីទៅ
ដល់ថ្នាក់អោយវង់វេងបាត់ឈឹងរកធៀបដើមពាក្យចុងពាក្យមិនឃើញវិញសោះនោះទេ
តែវាបែរជាមានប្រៀបជាងទៅវិញផង ដូចបានរៀបរាប់ត្រួសៗខាងលើរួចមកហើយ ។
កាលពីឆ្នាំចិតផ្លាយនោះ ខ្លះយល់ថាអក្សរសាស្ត្រខ្មែរកំពុងវិវត្តនិងរីកចំរើន កំពុងបង្ហាញ
លក្ខណៈជាខ្មែរកាន់តែបានច្រើនឡើងៗ កំពុងតែកែប្រែសំរស់របស់ខ្លួន ….ដល់មកអីឡូវ
ស្រាប់តែគេ ស្រាប់តែយើងនាំគ្នារឺបញ្ជារគ្នាអោយនិយម អោយត្រូវតែសរសេរពាក្យអោយ
បាននៅត្រួតគ្នា កកកុញលើគ្នាច្រើនជាន់ទៅតាមក្បួនវេយ្យាករណ៍បុរាណនោះទៅវិញ ។

…ហើយខ្ញុំក៏បានដន់ដឹងសួរខ្លួនអែងបន្តទៀតដែរថា

តើអក្សរសាស្ត្រខ្មែរយើងកំពុងវិវត្តខ្លួនទៅ​មុខរឺមកក្រោយ ? កំពុងមកមុខឬទៅក្រោយ ?
កំពុងទៅមុខរឺទៅក្រោយ ? កំពុងមកមុខរឺមកក្រោយ ?

 
 
សូមមើលក្នុងទំព័រមួយនេះរបស់វចនានុក្រមសម្តេចសង្ឃ ជួន​ ណាត ផងដែរចំពោះពាក្យ
សំគម សំគាល់ សំងាត់ …និងមានច្រើនទៀតដែលសរសេរជាព្យាង្គរាយងាយមើលជាង
ដូចជា សំដី សំដែង សំណាក់ សំណើ…សំទក់ សំទង់​ សំទុះ​ សំអុយ សំអុះ… ។ល។

តាមវចនានុក្រម

 
 


 

 

ពេលរលឹមស្រិចៗ 30/03/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, ព៌តមានវិទ្យា, អក្សរសាស្ត្រនិងអក្សរសីល្ប៍, CSS.
16 comments

 

in the rain

 


in the rain


in the rain

in the rain

in the rain

in the rain

 

(សាកល្បងកំណាព្យ បទកាកគតិ)

រលឹមស្រិចៗ..

រលឹមស្រិចៗ បងចាំជានិច្ច អូនក្តិចខ្ញាំបង
ក្តិចទាំងញញឹម ក្តិចព្រោះស្នែហ៍បង ក្តិចផ្ញើផ្តាំផ្សង
ប៉ងជួបជាគួ ។

រលឹមស្រិចៗ បងចាំមិនភ្លេច ក្តិចមិនបន្ធូរ
ក្តិចស្ទាបស្ទង់ចិត្ត ​ ក្តិចច្បិចជាប់យូរ តើបងប្តូរស៊ូ
ទ្រាំអូនបានទេ ។

រលឹមស្រិចៗ ខ្យល់បក់ពីលិច​ បងនឹកមាសមេ
ពពិចក្រាបពង បងនឹករឿងស្នេហ៍ កាលយើងទាំងទ្វេ
ឆ្លងវេហ៍ស៌ួគា ។

រលឹមស្រិចៗ ភ្លៀងស្រក់តិចៗ តែចិត្តព្យោមា
ចិត្តបងកញ្ជ្រោល រកកែវពុំងា អូននៅទីណា
ចារតបបងផង… ។

——————————————


( អូននៅសែនឆ្ងាយ អូនឃ្លាតតែកាយ តែចិត្តនួនល្អង
នឹកថ្លៃជានិច្ច ឃើញកំណាព្យបង ទើបតបឆ្លើយឆ្លង
ឧិ្យបងស្បើយចិត្ត ។

អូននៅសែនឆ្ងាយ បេះដូងឆោមឆាយ នៅតែអាណិត
ស្រឡាញ់រូបបង ជាប់ទុកក្នុងចិត្ត ទោះព្រហ្មណ៍លិខិត
កំរិតឧិ្យឃ្លាត ។

អូននៅសែនឆ្ងាយ អូនស្រណោះស្ដាយ ឆ្ងាយស្រុកឆ្ងាយញាតិ
ឆ្ងាយទាំងរូបបង ត្រូវព្រាត់ព្រោងព្រាត របបចោលម្សៀត
គ្មានជាតិណាដូចត្រាប់។ )

 


 

ផ្កាឈូកមាននិស្ស័យនឹងព្រះពុទ្ធសាសនា 09/02/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ចំរៀង MP3, ផ្សេងៗ, វីឌីអូ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
2 comments

 

ផ្កាឈូកមាននិស្ស័យជាមួយនឹងព្រះពុទ្ធសាសនានៅត្រង់ណា ?

ផ្កាឈូក

ផ្កាឈូក មិនមែនត្រឺមតែជាផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់
មានព៌ណសរឺក្រហមព្រឿងដ៏សែនស្អាតនិងមានរាងរៅទាំងកាល
នៅក្រពុំស្លូតបូតរហូតទាំងដល់ពេល់រីកចាយស្គុះស្គាយភាយក្លិន
ពិដោរនិងសោភ័ណ្ឌភាពគួរជាទីស្រលាញ់ចូលចិត្តរបស់មនុស្សគ្រប់
គ្នាប៉ុណ្ណោះទេ តែក៏បានបានបង្កប់ផងដែរនូវខ្លឹមសារនៃដំណើរជីវិត
មនុស្សក្នុងន័យវីជ្ជមានពោរពេញទៅដោយសុទិដ្ឋិនិយមក៏ដូចក្តីសង្ឃឹម
ក្នុងជីវិតដែរ ។ ពិចារណាមើលនិងយកផ្កាឈូកជាគំរូចុះ ទោះអ្នកដែល
មានកំណើតកើតចេញពីគ្រួសារអ្នកមានជីវភាពក្រីក្រជាកសិកររឺកម្មករ
ក្តី ពីថ្នាក់តូចទាបអាប់អួរក្នុងសង្គមក្តី ក៏គង់ក្លាយបានជាអ្នកចេះដឹងមាន
ជីវភាពរង់រឿងថ្លៃថ្លា ក៏គង់កើតបានជាអ្នកដឹកនាំដែលមានគេគោរព
ស្រលាញ់ច្រើនសន្ធឹកសន្ធាប់រាប់យកជាការបានដែរ ដូចផ្កាឈូកដែល
មានកំនើតចេញពីភក់ជ្រាំនៅអែបាតស្រះបាតបឹង ក៏គង់បានសំរេចជា
ផ្កាដ៍ស្រស់ត្រកាលរីកដាលផុសផុតលើផ្ទៃទឹកបានដូច្នោះដែរ ..។ល។
លើសពីហ្នឹងទៅទៀត ជាផ្កាដែលមាននិស្ស័យក្នុងព្រះពុទ្ធសាសនា
ផងដែរ ដោយព្រះពុទ្ធសាមណគោត្តមបានជ្រើសរើសយកផ្កាឈូកនេះ
ធ្វើជាអុបករណ៍សំរាបអ៊ុទាហរណ៍ក្នុងការសំដែងព្រះធ៌មទេសនាមួយ។
ព្រះអង្គបានចាត់ទុកភពផែនដីដែលមានមនុស្សប្រុសស្រីរស់នៅលើ
នេះដូចជាស្រះឈូកមួយដ៏ធំ ហើយបណ្តាមនុស្សទាំងអស់នេះនោះ
រាប់ទាំងខ្ញុំនិងប្រីយមិត្តកំពុងអានដែរ ត្រូវបានព្រះអង្គចាត់ចែកជាបីជំពូក៖

ជំពូកមនុស្សទី១ ជាពួកមនុស្សដែលពុំអាចយល់ជ្រួតជ្រាបបាននូវព្រះ
ធ៌មដែលទ្រង់សំដែង ចែងទូន្មានប្រៀនប្រដៅ បង្ហាត់បង្ហាញផ្លូវណែនាំ
អោយទៅកាន់ជីវិតដ៏ល្អប្រពៃបានទេ ដោយបាបកម្ម​និងអវិជ្ជានៅគ្រប
ដណ្តប់ជុំជិតងងិតស្លុងដូចផ្កាឈូកដែលកំពុងដុះនៅបានត្រឹមតែកំពស់ក្រោម
ផ្ទៃទឹកបឹងនិងមិនអាចទទួលពន្លឺថ្ងៃបានដែរ ។ គឺមនុស្សគ្មាននិស្ស័យអាច
អោយគេប្រោសប្រដៅបាន នៅឈ្លក់ងក់ងុបងល់នឹងអំំពើអបាយមុខគួរ
អោយអាណិតអនិច្ចាណាស់ ។ ការទូន្មាន ដូចចាក់ទឹកលើក្បាលទា !

ជំពូកមនុស្សទី២ គឺដូចផ្កាឈូកដែលចោបអោបស្រទបដុះផុសផុតបានដល់
ត្រឹមប៉ឹមៗប៉ប្រះនឹងផ្ទៃទឹកបឹងនៅឡើយហើយអាចទទួលបានពន្លឺថ្ងៃខ្លះៗមិន
ច្រើនគ្រប់គ្រាប់បរិបូរណ៍ទេ ។ គឺពួកមនុស្សដែលអាចយល់ភ្លឺស្វាងបាននូវ
អំពើណាល្អអំពើណាអាក្រក់លុះត្រាតែមានការដាស់តឿនក្រើនរំលឹកជា
ញឹកញាប់ បើមិនដូច្នោះទេគេនឹងអាចភ្លឹកភ្លាំងភ្លេចស្មារតីអាចប្រព្រឹត្តបាបកម្ម
នានាបាន ។ ជាមួយមនុស្សជំពូកនេះ ការអបរំ មានសារៈសំខាន់ណាស់ ។

ជំពូកមនុស្សទីបី គឺដូចផ្កាឈូកដែលបានដុះផុសខ្ពស់ចេញផុតស្រឡះពីផ្ទៃទឹក
ទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ បានរីកចាយស្គុះស្គាយភាយពិដោរដូចបានរៀប
រាប់ខាងដើមបង្អស់ខាងលើ ។ ជាជំពូកមនុស្សដែលបានទទួលការអបរំរៀន
សូធ្យ អាចជ្រួតជ្រាបបាននូវព្រះធម្ម មានពុទ្ធិ ចេះគិតគូរពិចារណាយល់ឃើញ
បាននូវអំពើណាល្អដែលត្រូវធ្វើ ណាអាក្រក់ដែលមិនត្រូវប្រព្រឹត្ត គួរជាទីគោរព
និងស្រលាញ់រាប់អានពីសំណាក់អ្នកផងទាំងពួងល្អៗដូចគ្នា ។ ជនក្នុងជំពូកនេះ
រមែងមានជីវិតរស់រានប្រកបដោយសុភមង្គលនិងជោគជ័យ ដែលម្នាក់ៗតែង
ផ្សងប៉ងប្រាថ្នាចង់បាន ថែមទាំងហូរហៀរចែកចាយបន្តដល់បងប្អូនកូនចៅ ញាតិ
មិត្តសាច់សាលោហិតផងដែរ ។

ប្រហែលដូច្នោះហើយបានជាពុទ្ធបរិស័ទដែលជាអ្នកកាន់ព្រះពុទ្ធសាសនា រមែង
ជ្រើសយកផ្កាឈូកក្រពុំៗហៀបចាយដែលតាមទស្សនៈខាងលើត្រូវមានបីទងដែរ
ធ្វើជាគ្រឿងសក្ការៈជំនួសរឺបន្ថែមទៅលើទៀននិងធូបផង ទៅសំពះបន់ថ្វាយនឹក
អ៊ុទ្ទិសដល់ព្រះ តាមមុខព្រះបដិមាកររឺរូបគំនូរព្រះពុទ្ធអង្គ និងដើម្បីរំលឹកពីខ្លឹមសារ
នៃបទទេសនានេះផងដែរ ។
ផ្កាឈូកពិតជាមាននិស្ស័យជាមួយនឹងព្រះពុទ្ធសាសានាមែន !

សូមរីករាយជាមួយបទ ផ្កាឈូកបឹង !

 

បទ ផ្កាឈូកបឹង ច្រៀងដោយ ស៊ិន ស៊ីសាមុត (ពីសម័យមុន)

 


ស្រួលអុយស្រួលម្ល៉េះ ( អេះអឹម ) 06/02/2010

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, វីឌីអូ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
2 comments

 

សួស្ដីប្រីយមិត្ត !

នេះជាបទ ស្រួលអីស្រួលម្ល៉េះ នៃផលិតកម្ម អែសអឹម (SM)
ហើយនេះក៏មិនពិបាករកពាក្យគ្រលាស់ទៅដល់ណាណីទៀតទេ ។
អ្នកចំរៀងបានច្រៀងត្រង់ៗលឺៗពេញៗមាត់ ហើយនៅក្នុងវគ្គក្រោយៗ
មានលឺឃ្លាថា​
….ស្រួលណាស់មានប្តី អើយស្រួលអីស្រួលម្ល៉េះ…
…ស្រួលលាយស្រណុកសុខសាន្តកាយា……
:mrgreen:
សង្ឃឹមថាតាមរយៈបទនេះនឹងធ្វើអោយការប្រកែប្រកាន់ដ៏ស្រួចស្រាវ
រឺថាប្រកាន់ជ្រុលហួសក្នុងការប្រើប្រាសពាក្យសំដីដើម្បីកំសាន្តសប្បាយ
តាមវិស័យសីល្បៈនានា បានសាបរលាបធូរថយខ្លះៗមកវិញមិនខាន ។
មើលទៅអ្នកច្រៀងនិងអ្នករាំ ក៏ដូចស្រួលៗដែរទាំងរាំទាំងច្រៀង ។​

 


បន្ថែម៖ ការរាំរែកក៏ជាមធ្យោបាយសំរកទម្ងន់ដ៏ងាយស្រួលបំផុតមួយដែរ
សំរាប់អ្នកចេះរាំនិងចូលចិត្តរាំកំសាន្ត គឺរាំអោយទាល់តែបានដល់បែកញើស
ទើបយកជាការ ដែលត្រូវការចង្វាក់រាងញាប់កន្ត្រាក់ដូចខាងក្រោមនេះ ៖



ជួយមើលភ្លើងឡាន 05/09/2009

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: ,
3 comments

កំប្លែង…

និយាយពីរឿងសំណើចនេះ សើចម្តងៗចាត់ទុកដូចជាបានលួចលុយពីពេទ្យបាន៥រៀល
ឬ៥ដុល្លាដែរ ព្រោះវាបានជួយកាត់បន្ថយការទៅពេទ្យញឹកញាប់បាន ហើយបើបាន
ដើរខ្យល់ម្តងៗវិញគឺស្មើនឹងលួចបានដល់ទៅ១០ដុលា្លអែនោះ (នេះជាការនិយាយលេងផង មែនផង)។
ថ្ងៃនេះ ប្លក់ចយ ត្រូវបាននាំមកបង្ហាញខ្លួនជាលើកទី១នៅ វើដផ្រែស្ស នេះដើម្បីសំណើច។

00១- ប្លក់ចយជួយមើលភ្លើងឡានៈ

ច្រូចម៉ៅក្រូចលក់បានឆ្នាំនេះក៏ទៅទិញឡានចាស់ជំនុំមួយសំរាប់ដឹកក្រូចឡើងចុះទៅលក់។
ថ្ងៃមួយច្រូចចង់ដឹងថាតើ់អំពូលភ្លើងឡានឆេះល្អទាំងអស់ឬអត់។ ឃើញ ប្លកចយ រត់លេង
ខាងមុខឡានក៏ស្រែកពឹង៖
-អា​ចយ! ឯងជួយមើលភ្លើងឡានអញខាងមុខបន្តិចមើល ឃើញវាឆេះដែរឫអត់ ?
-បាទឆេះ!( ចយឃើញភា្លមឆ្លើយភ្លែត )
-ចុះអាខាងក្រោយ ? ឯងទៅមើលអញកំពុងជាន់ប្រាំង ។
-បាទ! ឆេះតែអានេះមានព៌ណក្រហម ។
-អើ! ឥឡូវចាំមើលភ្លើងស៊ីញ៉ូបត់ស្ដាំម្តងណា៎!
-បាទ! ឆេះ.. អត់ឆេះ…ឆេះ…អត់ឆេះ…ឆេះ…អត់ឆេះ…ៗ!​ ៗ! ?