jump to navigation

ពិតនិងប្រាកដ ខុសគ្នាយ៉ាងម៉េច ? 31/08/2009

Posted by achharia in ចំណេះដឹងទូទៅ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
trackback

.

សួស្ដី ប្រិយមិត្តអ្នកអានទាំងអស់គ្នា !

…ជូនកាលខ្ញុំធ្លាប់លឺ(កាលជំនាន់ខ្ញុំ សរសេរក៏បានលឺក៏បាន ។ ដោយខ្លាចគេ
សួរនាំច្រើនផង ខ្ជិលពន្យល់ហូរហែរផងខ្ញុំក៏ទំលាប់សរសេរលឺបែបនេះទៅ)
ប្រហែលជាមិត្តអ្នកអានខ្លះក៏ធ្លាប់ឭដែរ គេសួរគ្នាថា រឿងហ្នឹងពិតជាអញ្ចឹងមែនរឺ ?
( It’s really ?) ដល់គេឆ្លើយ បាទ! ក៏តាំងសូរបន្ថែមថា អ្នកឯងប្រកដហើយឬ ?
(are you sure ?) ។ សួរគ្នាលេងក៏អញ្ចឹង សួរយកសាច់ការក៏ដូច្នោះ ។

ខ្ញុំនៅចាំបានការពន្យល់របស់លោកសាស្ត្រាចារ្យ ហេង​ ម៉េងថៃ នាអំឡុងឆ្នាំ៧០ប្លាយថា ៖
ក្នុងសាច់រឿងកុនមួយ តួឯក គង់សំអឿន បានបើកឡានទៅបុកគ្នាកណ្តាលស្ពានរួចធ្លាក់ទៅ
ក្នុងទឹកស្លាប់បាត់ ។ ញាតិមិត្តបាននាំគ្នាធ្វើបុណ្យមរណៈភាពនោះយ៉ាងគគ្រឹកគគ្រែង ។
ដូច្នោះតួ គង់ សំអឿន ប្រាកដជាស្លាប់មែនហើយ ទស្សនិកជនខ្លះរហូតដល់យំយែកតាម
អាណិតផង ….។ តែតាមពិត តួឯក គង់សំអឿន នៅរស់នៅឡើយ ហើយកំពុងថត
មួយរឿងទៀតឯនោះទេ ។

ដូច្នេះ ភាពប្រាកដ គ្រាន់តែជាការជឿជាក់ ការសន្មត់និងការសន្និដ្ឋានដែលអាច
ភ្ជាប់ជាមួយផងដែរនូវមនោសញ្ចេតនានិងបំណងប្រាថ្នាក្នុងចិត្តរៀងៗខ្លួនប៉ុណ្ណោះ។
ចំណែកឯ ការពិត គឺជាអ្វីៗដែលមាន ឬកើតឡើងដោយពុំមានការរៀបរាប់បន្ថែមបន្ថយ
កុហកបោកប្រាស បញ្ឆោតគ្នាទេ ។

អរគុណ


មតិ»

1. ទឹម បឿន - 01/09/2009

ប្រយោគ​ខាងលើ​ដែល​សរសេរ​ថា តែ​តាម​ពិត… បើ​សរសេរ​ឬ​និយាយ​ឱ្យ​ត្រូវ គេ​ថា តែ​តាម​ការពិត… ព្រោះ”​ពិត”​ជា​គុណនាម ។ គេ​ជឿ​ថា គាត់​ប្រាកដ​ជា​ស្លាប់ តែ​តាម​ការពិត គាត់​នៅ​រស់​នៅ​ឡើយ ។ ចំណែក ឮ, ឬ គួរ​កុំ​សរសេរ លឺ, រឺ ។

2. ទឹម បឿន - 01/09/2009

ការប្រើ​ដូច​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ
– ខ្ញុំ​ប្រាកដ​ជា​ទៅ​ចូលរួម​ពិធី​ខួប​កំណើត​ប្អូន​របស់​ឯង (ពិត​ជា​ទៅ)
– គាត់​ចេះ​វិជ្ជា​ហ្នឹង​ប្រាកដ/ពិតប្រាកដ​​ណាស់ (ចេះ​ច្បាស់)
– គាត់​និយាយ​ប្រាកដ​ប្រជា (និយាយ​ពិត)

3. achharia - 01/09/2009

អរគុណ បឿន បានមកចូលរួមវីភាគពាក្យនេះជាមួយ ។
តាម +( គុណនាម V កិរិយ៉ាវិសេស ) មានដែរតើ ឧទាហរណ៍៖
– រៀបទុកដាក់ទៅ តូចតាមតូច ធំតាមធំ ហើយពួកលឿនតាមលឿន យឺតតាមយឺត ។
ពាក្យអស់នោះគេក៏និយាយថា តូចដោយតូច ធំដោយធំ ជំនួសគ្នាបានដែរ ។
– នេះបើនិយាយ”តាមត្រង់”ទៅ ឃើញថាមានអញ្ចឹងមែន ហេសហែ! ។ ត្រង់
ជាកិរិយ៉ាវិសេសបញ្ជាក់ពីបែបផែនអោយកិរិយ៉ាស័ព្ទ និយាយ ។

ចំណែកកំរិតនៃការពិត បើគិតតាមតក្កវិជ្ជាមិនគួរមានកំរិតថា ពិតណាស់
ពិតពាក់កណ្តាល ពិត x% ទេ ព្រោះគេបានលើកយកមកសិក្សាដែរហើយថា
វាមានតែករណី ពិត និង​ មិនពិត ប៉ុណ្ណោះ ។
បើបឿនបានយល់ថាការប្រើដូចមិនខុសគ្នាប៉ុន្មានទេនោះ បឿនបានមើលឃើញ
ភាពខុសគ្នានោះហើយ ។

បើមានត្រង់ណានៅមិនសមហេតុសមផល ខ្ញុំរីករាយនឹងវិភាគគ្នាលេងតទៅ
ទៀតជាមួយបឿនដើម្បីអោយបានដល់មតិរួមមួយជាវិជ្ជមានផងដែរ។

អរគុណ

4. ទឹម បឿន - 01/09/2009

តាម អាច​តាម​ដោយ គុណនាម ឬ​កិរិយាវិសេសន៍​ហ្នឹង​ត្រូវ​ហើយ មក​ពី​ខ្ញុំ​គិត​មិន​ដល់ ។

លោក​ថា ការពិត​អត់​មាន​កម្រិត​ថា​ពិត​ប៉ុណ្ណេះ ពិត​ប៉ុណ្ណោះ ក៏​ត្រូវ​ដែរ តាម​តក្កវិជ្ជា​មាន​តែ ពិត មិនពិត ត្រូវ ខុស អី​អ៊‍ីចឹង តែ​បើ​តាម​សម្ដី​ដែល​ធ្លាប់​តែ​និយាយ​នោះ គេ​អាច​និយាយ​ថា វា​ពិត​ណាស់ វា​ប្រាកដ​ណាស់​អី​បាន ។ ពួក​ម៉ាក​សួរ​ថា ម៉េច! វា​និយាយ​ហ្នឹង​ពិត​ឬ​មិន​ពិត​អា? ថា ទេ! និយាយ​ហ្នឹង​ពិត​ដែរ តែ​មិន​ពិត​ណាស់​ណា​ទេ វា​និយាយ​ពន្លើស​ខ្លះ​ទេ ។ ចុះ​ត្រង់​វា​ថា​អ្នក​ដែល​គេ​ចាប់​នោះ​ជា​ចោរ តើ​ពិត​ទេ?» «ត្រូវ​ហើយ! ពិត​ណាស់​ត្រង់​ហ្នឹង វា​ជា​ចោរ តែ​ថា​វា​ជា​ឃាតក​នោះ​វា​មិន​ពិត​ទេ គ្នា​មាន​ទៅ​ដែល​សម្លាប់​អ្នក​ណា​ឯណា! និយាយ​ហ្នឹង​គឺ​ពន្លើស​ហើយ!…» ។

អ្វី​ដែល​ខ្ញុំ​​យល់​​ថា​ខុស​គ្នា ត្រង់​​វា​មិន​អាច​ប្រើ​ជំនួស​គ្នា​គ្រប់​កាលៈទេសៈ​បាន ដូច​ឃ្លា​ខាង​លើ​ដែល achharia លើក​មក បើ​យក​ពាក្យ ពិត ជំនួស​ប្រាកដ ប្រាកដ ជំនួស​ពិត ហាក់​ដូច​ឆ្គង​ដែរ ។

5. achharia - 01/09/2009

.
មែនហើយ បឿន ! តាមការនិយាយគ្នារាល់ថ្ងៃ ទាំងខ្ញុំក៏និយាយច្រឡូកច្រឡំ
ផ្លាស់ជំនួសគ្នារវាង ពិត និង ប្រាកដ ហ្នឹងដែរ ។ នឹកឃើញឧទាហរណ៍ដែល
ខ្ញុំស្រួលយល់ពីភាពខុសគ្នានោះ ក៏សរសេរឡើងវិញទុកមើល និងចែកគ្នាវិភាគ
ផង ។​ គ្មានបំណងថាចង់ឧិ្យគេត្រូវតែយល់ដូចខ្ញុំនោះទេ ការមានទស្សនៈប្លែកៗ
គ្នាបើបានយកមកផ្គូផ្គងគ្នាប្រៀបធៀបនិងវិភាគ ហើយច្បិចយកបាននូវចំណុច
វិជ្ជមាននានាពីគ្នាទៅវិញទៅមក ហ្នឹងហើយដែលគួរតែជាគោលបំណងល្អនោះ ។ ចំណាប់អារម្មណ៍របស់ បឿន លើប្រកាសខ្ញុំមួយនេះ ខ្ញុំបានចំណេញការ
ដាស់តឿនមួយដែរក្នុងការប្រិតប្រៀងប្រុងប្រយ័ត្នចំពោះសេចក្តីប្រកាសលើក
ក្រោយៗ ។

អរគុណ
.

6. achharia - 01/09/2009

បន្ថែមដល់ បឿន

ភ្លេចសុំការពន្យល់មួយ ថា​ពាក្យដែលធ្លាប់តែសរសេរជាស្រៈពេញតួ
ដូច ឧិ្យ ឭ ឬ ឥឡូវ…។ល។ បើនាំគ្នាសំរេចអោយសរសេរបានតាមតួអក្សរនិងស្រៈ
ធម្មតា ដូចជា អោយ លឺ រឺ ដូចកាលជំនាន់៧០ប្លាយសម័យខេមរយានកម្ម
នោះ តើមានអ្វីដែលមិនល្អ ??? ចម្លើយនៃសំនួរនេះក៏គួរមានក្បោះក្បាយ
សំរាប់អ្នកជំនាន់ក្រោយៗដែរ ។

7. ទឹម បឿន - 01/09/2009

ល្អ​ហើយ អត្ថបទ​នេះ ខ្ញុំ​ចូលចិត្ត​ណាស់ ការពិភាក្សា​ទាក់ទង​នឹង​ពាក្យ​ខ្មែរ អក្សរសាស្ត្រ​ខ្មែរ​ហ្នឹង ។ ខ្ញុំ​រង់ចាំ​អាន​អត្ថបទ​ផ្សេងទៀត​ ។

8. achharia - 01/09/2009

បើអាច សូម បឿន ជួយសរសេរពន្យល់បកស្រាយនូវសំណួរខ្ញុំខាងលើបន្ទាប់នោះផង
ពីរឿង ឬ រឺ លឺ ឭ ឧិ្យ អោយ…. ។ល។
បើបង្គាប់ឪិ្យតែគ្នាសរសេរ តែមិនពន្យល់មូលហេតុ
ក្មេងៗមិនបែកប្រាជ្ញាទេ តិចលោវាពន្យល់វិញ ស្រាប់តែ Logic ជាងទៅ ។

9. ទឹម បឿន - 02/09/2009

កុំ​ឆ្ងល់ ពាក្យ​ហ្នឹង​គេ​សរសេរ​អ៊‍ីចឹង ពាក្យ ឬ ប្រើ​សម្រាប់​ដាក់​ពាក្យ​ពីរ​ម៉ាត់ ឬ​ប្រយោគ​ពីរ ដែល​ប្រាប់​អំពី​ផ្លូវ​ទាំង​ពីរ អាច​យក​បាន ឬ​អាច​កើត​ឡើង​បាន ។ ខ្ញុំ​ត្រូវ​ជិះ​ឡាន​តាក់ស៊ី ឬ​ម៉ូតូ​ឌុប​ទៅ​ធ្វើការ ។ វា​មាន​ពាក្យ ឬ​មួយ ឬ​ក៏​ផង​ដែរ ។ ឬ មួយ​ទៀត គេ​ប្រើ​ជាមួយ​ប្រយោគ​សំណួរ ដើម្បី​សួរ​អំពី​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​អំពើ ឬ​សម្រាប់​សួរ​រក​ការពិត​នៃ​អំពើ ដែល​ ឬ នោះ​ជា​ពាក្យ​បំព្រួញ​នៃ មែន​ឬ? ឬ មែន​ហ្អេះ? សៀវភៅ​នេះ​ជា​របស់​ឯង​ឬ? សៀវភៅ​នេះ​ជា​របស់​ចៅ​ឯង​មែន ឬ​មិនមែន?

ជួន​កាល​គេ​ប្រើ​ក្នុង​សំណួរ​ដែល​មាន​ពាក្យ​ពីរ​ម៉ាត់​ផ្ទុយ​គ្នា​ក៏​មាន ដូច​ជា នាង​នោះ​ស ឬ ខ្មៅ?

អា​ហ្នឹង សរសេរ​យ៉ាង​ហ្នឹង គឺ​វា​មាន​ន័យ​អ៊‍ីចឹង គួរ​កុំ​ឆ្ងល់ ។ ចុះ​ពាក្យ ប្អូន ប្លង់ ប្លែក ក្លាយ ព្នៅ ព្នង ត្នោត ដែល ​ប អាន​សំឡេង ផ ក អាន​សំឡេង ខ ព អាន​សំឡេង ភ ត អាន​សំឡេង ថ សួរ​ថា​ម៉េច​មិន​សរសេរ ផ្អូន ផ្លង់ ផ្លែក ខ្លាយ ភ្នៅ ភ្នង ថ្នោត អី​ទៅ ឱ្យ​វា​ត្រូវ​សំឡេង​អាន ថា​អាហ្នឹង​ជា​ពាក្យ​ខ្មែរ វា​ដូច​ជា​ក្នុង​ភាសា​ថៃ​ជា​ឧទាហរណ៍ វា​មាន ខ ខៃ ខ ខ្វៃ ខ ឃួត អី​អ៊‍ីចឹង ។ បើ​ថា​អ៊‍ីចឹង រឺ ជំនួស ឬ លឺ ជំនួស ឮ អោយ ជំនួស ឱ្យ បាន​មក​ពី​ណា? អាហ្នឹង​ដោយសារ​មួយ​ក្រុម​នោះ អ្នក​ដែល​គេ​មិន​ចូលចិត្ត​បាលី-សំស្ក្រឹត​អី​នោះ គេ​គិត​ថា ខ្មែរ​មាន​ អ អា អិ អី អុ អ៊ូ រឹ រឺ អែ អៃ អោ អៅ អី​ដែរ ម៉េច​ក៏​យក​បាលី​មក​ប្រើ? អ៊‍ីចឹង​ក៏​គេ​ដូរ ។ ដល់​អ្នក​ខ្លះ ឧសភា សរសេរ អុសភា ឯណា សរសេរ អែណា ឪពុក សរសេរ អូវពុក អី​អ៊‍ីចឹង ។ សរសេរ​អ៊‍ីចឹង​ត្រូវ​ហើយ អាន​ទៅ​វា​ត្រូវ តែ​វា​បាត់​ភាព​ដើម​របស់​ពាក្យ គឺ​បំបាត់​អក្សរ​ខ្មែរ​ពី​ដូនតា​មក ។ អាហ្នឹង​វា​មិន​ខុស​ពី យក​ពាក្យ ប្អូន សរសេរ ផ្អូន ពាក្យ ព្នៅ សរសេរ ភ្នៅ ឱ្យ​វា​ត្រូវ​តាម​សំឡេង​អាន​ទេ ។ យើង​ដឹង​ហើយ ថា​បាលី-សំស្ក្រឹត វា​ដូច​ជា​ភាសា​របស់​ខ្មែរ​យើង​ទៅ​ហើយ ចង់​បំបាត់​វា​ម៉េច​បាន បើ​និយាយ​មួយ​ឃ្លា​ទៅ ពាក្យ​បាលី-សំស្ក្រឹត​ស្ទើរ​គ្រប់​ម៉ាត់​ទៅ​ហើយ ។ ខ្មែរ​និយម​ជ្រុល​បែប​ហ្នឹង ធ្វើ​ឱ្យ​អក្សរ​ខ្មែរ​វិនាស​ទៅ​វិញ​ទេ ។

ខ្ញុំ​ដូច​និយាយ​ច្រើន​បន្តិច​ហើយ មិន​ដឹង​ថា​លោក​យល់​ដូច​ខ្ញុំ​ឬ​ក៏​អត់​ទេ ។

10. achharia - 02/09/2009

មកពីខ្ញុំសួរដូចវែងដែរ ទើបបឿនឆ្លើយក៏បានវែងហូរហែ។បើសង្ខេបសំណួរមកសួរត្រឹមថា
“បើសរសេរ អោយ ជំនួស ឧិ្យ តើមានអ្វីដែលមិនល្អ ???” នោះ ម្ល៉េះចម្លើយ
បឿន ក៏រួញមកនៅត្រឹមតែ” សរសេរ​អ៊‍ីចឹង​ត្រូវ​ហើយ អាន​ទៅ​វា​ត្រូវ តែ​វា​បាត់​ភាព​ដើម​របស់​ពាក្យ គឺ​បំបាត់​អក្សរ​ខ្មែរ​ពី​ដូនតា​មក ។ ” ។

ខ្ញុំធ្លាប់បានឭខ្លះៗមកដែរ
_ម្ខាងខាងសម្តេចសង្ឃ ជួន ណាត សម័យរាជានិយម ខាងនិយមពិរោះរណ្តំចូលចិត្តពា្យកម្ចីពីបាលីសំស្ក្រឹត ថាចង់រក្សាអក្សរខ្មែរ
ពីដូនតា ថា….។ល។ មានទស្សនៈគាំទ្ររក្សាស្រៈពេញតួ ឧិ្យ ។
-ម្ខាងទៀត ខាងលោកបណ្ឌិត កេង វ៉ាន់សាក់ សម័យសាធារណរដ្ឋ
សម័យខេមរយានកម្ម ឧិ្យតម្លៃនិងនិយមពាក្យខែ្មរជាជាងពាក្យកម្ចីពីបាលី
សំស្ក្រឹត ថាចង់កែលំអ លម្អផ្នែកអក្សរសាស្ត្រខ្មែរ ថា…។ល។
មានទស្សនៈថាគួរកែប្រែសរសេរដោយប្រើព្យញ្ជនៈនិងស្រៈនិស្ស័យ
ដូចពាក្យធម្មតាមកជា អោយ វិញ។

ឧទាហរណ៍ប្រៀបធៀបមួយ៖
-ព្រះទិនករបររាជរថព័ទ្ធព្រះធរណីបានបីជុំរួចទៅហើយ បុរសជាស្វាម៉ី
បានលាចាកព្រៃព្រឹក្សាវិលត្រឡប់មករកភរិយាឯគេហដ្ឋានវិញ ។
-បីថ្ងៃហើយ ប្រុសជាប្តីបានចេញពីព្រៃត្រឡប់មករកប្រពន្ធអែផ្ទះវិញ ។

គេថាផ្លូវទៅកាន់ទីក្រុង រ៉ូម មានច្រើន ! អញ្ចឹងស្រេចតែម្នាក់ៗជ្រើសរើស
ទៅចុះក្នុងការនិយមប្រើប្រាសពាក្យខ្មែរ ទាំងការសរសេរពាក្យខ្មែរ ។

ចំពោះខ្ញុំ ឧិ្យ ឬ អោយ មួយណាក៏បាន តែមានអារម្មណ៍ថាការប្រើស្រៈពេញ
តួ ដូចប្រើអក្សរចិនដែរ មួយតួតែម្តងបានមួយពាក្យឬមួយម៉ាត់ ។
បើខ្មែរមានហួសទៅដល់ពាក្យពេញតួតាំងពីបុរាណមក ម្ល៉េះមិនដឹងស្រួល
យ៉ាងណាទេ! ពា្យថា ខ្ញុំទៅផ្សារ សរសេរតែបីតួឬបីអង្គ ចប់ ។

ខ្ញុំយល់និងដឺងថា បឿន កំពុងសរសេរពីជ្រុងខាងណាមក ហើយក៏យល់
តទៅទៀតដែរថា អក្សរសាស្ត្រខ្មែរ ក៏ដូចអក្សរសាស្ត្រនៃជាតិដទៃ គឺមិននៅ
អាប់ងាប់ក្រឡាស្តូកតែមួយកន្លែងដដែលៗទេ វានឹងវិវត្តទៅតាមពេលវេលានិង
ស្ថានភាពស្រុកទេស ។

អរគុណ

សុភ័ក្ត្រ - 05/09/2009

«ឲ្យ» មិន​មែន​ជា​ពាក្យ​មួយ​តួ​ទេ វា​​យក «ឲ» ឬ «ឱ» មក​ផ្សំ​ជាមួយ​ ជើង «យ» ទេ​តើហ៍។ សំណេរ​ចាស់​បុរាណ​ចូល​ចិត្ត​ប្រើ​ជើង​មក​ប្រកប​ណាស់។ ឧ. អធិបតី សរសេរ អធិប្ដី ឬ​ អធិប្ឌី (សរសេរ​តាម​សំនៀង​សៀម), ហើយ សរសេរ ហើ្យ ជា​ដើម​។ល។

ត្រង់​ពាក្យ «ឲ្យ» ធ្លាប់​ត្រូវ​គេ​ប្រជុំ​វែកញែក រហូត​កំណត់​ឲ្យ​ប្រើ​ជា​ទូទៅ​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​សម័យ​លោក​ចង់​ធ្វើ​ខ្មែរ​នឹង​គាត់​គិត​ប្រឆាំង​ដល់​ណា​គាត់​ទេ។ គាត់​មិន​ទាន់​មាន​សមត្ដភាព​កែ​ប្រែ​សេចក្ដី​សម្រេច​កាល​ពី​គេ​ប្រជុំ​ទុក​រក្សា​ពាក្យ «ឲ្យ» នោះ​បាន​ផង មាន​នរណា​ទៅ​ព្រម​ជឿ​តាម​គាត់។

អក្សរ​ខ្មែរ​រញ៉េរញ៉ៃ​មក​ពី​ខាង​ពួក​អស់​លោក​អ្នក​ចង់​ខ្មែរ​នឹង​ឯង។

achharia - 05/09/2009

អរគុណ សុភ័ក្រ្ត ច្រើនចំពោះការចូលរួមពិភាក្សាជាឯកជននេះនិង
វិភាគទានទស្សនៈយល់ឃើញរៀងៗខ្លួនផងដែរ ។​ បើ ហើ្យ ធ្លាប់មាន
ដែរ និងបើថាសរសេ ឧិ្យ ជំនួស អោយ ដើម្បីរក្សាលក្ខណៈពិសេសខ្លះ
ឬ រក្សាភាពដើមនៃអក្សរខ្មែរមែននោះ ចុះ ហើ្យ នោះម៉េចគេមិនរក្សា
ភាពដើមសរសេរដូច្នោះតែរហូតមកដែរទៅ ? ក្នុងវចនានុក្រមក៏ពន្យល់
បានត្រឹមតែថា …មិនយល់ព្រមឧិ្យប្រើជា ឧិយ ឬ អោយ ឡើយ ។ ខ្ញុំមិន
ទាន់ដែលឃើញមានការពន្យល់ណាមួយឧិ្យងាយស្ដាប់បាននៅឡើយ
ហើយក៏មិនបានគិតដល់ថា ការកែសំរួលរបៀបសរសេរជាបន្តបន្ទាប់
នោះមកជារឿងគិតប្រឆាំងគ្នាណាឬរហូតទៅដល់បង្ករជាភាពរញ៉េររញ៉ៃ
ក្នុងអក្សរសាស្ត្រខ្មែរយើងនេះដែរ ។ ឃ្លាចុងក្រោយ សុភ័ក្ត ហាក់បង្កប់
នូវពាក្យ អ្នកមិនចង់ខ្មែរ វិញដែរខ្ញុំយល់មិនដល់ទេ ។

សង្ឃឹមថាការគ្រាន់តែពិភាក្សាគ្នាលេងនេះ នឹងមិនឈានទៅដល់ថ្នាក់
តឹងសរសៃកដាក់គ្នាទេ បើមានពាក្យត្រង់ណាលើសលស់ខ្លះៗ
អធ្យាស្រ័យផងចុះ ។

សុភ័ក្ត្រ - 05/09/2009

អា​នឹង​ទាល់​តែ​លោក​ស្វែង​រក​កំណត់​ហេតុ​ស្ដី​ពី​អង្គ​ប្រជុំ ដែល​គេ​បាន​ពិភាក្សា​រក្សា​ទុក «ឲ្យ» នេះ យក​មក​មើល តើ​គេ​បាន​ជជែក​អ្វី​ខ្លះ បាន​ជា​សុខ​ចិត្ត​ទុក​ «ឲ្យ» នេះ។ ខ្ញុំ​ថា​អស់​លោក​ដែល​បាន​ពិភាក្សា​គាត់​សុទ្ធ​តែ​មាន​អំណះអំណាង​វិជ្ជមាន​សម្រាប់​ភាសា​ខ្មែរ​យើង​ប្រាកដ​ណាស់។

achharia - 05/09/2009

ទុកឧិ្យអ្នកអានដទៃគេ អាននិងវីភាគបន្តទៅក៏ម្យ៉ាងដែរ
ចំពោះការសរសេរ ហើ្យ បានដូរមកជា ហើយ និង
ឧិ្យ ចង់ឧិ្យនៅតែ ឧិ្យ រហូតមិនព្រមដូរមកជា អោយ នេះ ។
ហើយនិងពីការយល់ឃើញម្នាក់ៗ ក៏ដូចការវាយតំលៃនានាដែរ ។
ឃ្លាចុងក្រោយរបស់លោកលើកនេះ ងាយយល់ជាងអាលើកមុន
ឆ្ងាយ ។ មែនហើយ! ម្នាក់ៗដែលភិភាក្សាសុទ្ធ​តែ​មាន​
អំណះអំណាងវិជ្ជមាន​សម្រាប់​ភាសា​ខ្មែរ​ ហើយប្រហែលខ្លះ
ថែមទាំងសំរាប់ក្រពះខ្លួនផងដែរ ។

11. ទឹម បឿន - 02/09/2009

ផ្លូវ​មាន​ច្រើន ស្រេច​តែ​យើង​ជ្រើស​ដើរ​វា​ត្រូវហើយ តែ​ត្រង់​ភាសា​នេះ បើ​ធៀប​ទៅ​នឹង​ផ្លូវ​នៅ​មិន​ដូច​គ្នា​ទេ ។ ភាសា​តោង​សរសេរ​ឱ្យ​បាន​ឯកភាព​គ្នា ត្រូវ​គ្នា ទោះ​ភាសា​ខ្មែរ ភាសា​ណា​ៗ​ក៏​ដោយ តែង​យក​វចនានុក្រម​ជា​គោល ។ បើ​តាម​ច្បាប់​វចនានុក្រម គេ​ត្រូវ​សរសេរ​តាម​វចនានុក្រម បើ​ទោះ​ជា​វចនានុក្រម​នោះ​ខុស​ក៏​ដោយ ប្រើ​ទៅ​តាម​សិន​ចុះ ហើយ​បើ​​ប្រើ​ទៅ​​មិន​កើត​ទេ គេ​ក៏​នាំ​គ្នា​កែ​វចនានុក្រម​នោះ​ឱ្យ​វា​ត្រូវ​មក​វិញ លុះ​កែ​ហើយ គេ​ក៏​សរសេរ​តាម​ពាក្យ​ដែល​កែ​នោះ ហ្នឹង​គឺ​ដើម្បី​កុំ​ឱ្យ​ខុស​ច្បាប់​វចនានុក្រម ។

ការសរសេរ​នេះ យើង​មិន​ចេះ​តែ​នឹក​ឃើញ​ថា​ធ្វើ​យ៉ាង​នេះ​ស្រួល ក៏​ធ្វើ​ ចោល​ក្បួន​ពី​បុរាណ​មក​ទេ ដូច​ខ្ញុំ​និយាយ​ខាង​លើ​អ៊‍ីចឹង ។

12. achharia - 02/09/2009

បុរាណៗ​នោះ ក៏ចាប់រាប់ពីពេលណាមកមិនស្របគ្នាដែរ
ខ្លះថាមុនអង្គរ ខ្លះថាក្រោយសម៍យអង្គរ
ខ្លះថាពីសម័យសម្តេចសង្ឃ ជួនណាត មក
ចុះបើមានគេរាប់ពីសម័យខេមរយានកម្មមក ?

ឯកភាពបានទាល់តែឆាប់សម្របសម្រួលគ្នាទាំងសងខាង
មើលក្បែរៗឬក្នុងម្តុំវើដប្រែសនេះក៏បានដែរ គ្នាទើបតែខ្ទង់មួយរយនាក់
សោះ ពាក្យមួយម៉ាត់ កុំព្យូទ័រ និង ខំព្យូរើ មិនដឹងជាអ្នកណាត្រូវរត់ទៅ
ឯកភាពជាមួយអ្នកណាទេ នៅសន្លឹកខាងមុខសុទ្ធតែអាត់ទាំងអស់គ្នា ។
រឿង មួយវិចារ និង វិចារមួយ ក៏សុទ្ធតែសន្លឹកមុខអាត់ដូចគ្នា គប់អត់បានទេ ។

13. ទឹម បឿន - 02/09/2009

អា​រឿង​ហ្នឹង​និយាយ​លែង​កើត​ទៅ​ហើយ ហើយ​អ្នក​ដែល​សរសេរ​ហ្នឹង​ក៏​និយាយ​លែង​បាន​ដែរ គេ​ប្រើ​កុំព្យូទ័រ​នេះ​មក​យូរ​ណាស់​ហើយ គាត់​ទៅ​ជា ខំព្យូរើ អ៊ីម៉ែវល៍ អី​តែ​គាត់ អា​រឿង​ហ្នឹង គេ​នាំ​គ្នា​និយាយ​រហូត​គេ​លែង​និយាយ​ទៅ​ហើយ ។

បុរាណៗ​នោះ​ចាប់​ពី​ត្រឹមណា​មក? គេ​មិន​កំណត់​ទេ​ថា​ត្រឹមណា តែ​ប្រហែល​គេ​កំណត់​យក​តាម​ច្បាប់​ក្បួន​ដែល​សេសសល់​ពី​មុនៗ​មក បើ​ទោះ​ត្រឹម​សម្ដេច​ជួន ណាត ក៏​មិនមែន​ទ្រង់​បង្កើត​ច្បាប់​ក្បួន​ខ្លួនឯង​ដែរ គឺ​ទ្រង់​ស្រាវជ្រាវ រួច​ចងក្រង​មក​ទេ ដូច​ជា​លោក អៀវ កើស ក៏​គាត់​រៀបចំ​​ចងក្រង​តាម​ច្បាប់​ក្បួន​ពី​មុន​មក​ដែរ មិនមែន​គាត់​ចេះ​តែ​នឹក​ឃើញ គាត់​សរសេរ​សៀវភៅ​មក​ទេ អាហ្នឹង​តាម​ដែល​ខ្ញុំ​យល់ ។

14. achharia - 02/09/2009

ឃើញថា បឿន ស្វិតស្វាញមិនណយដែររឿងអក្សរសាស្ត្រខ្មែរ
សូមសរសើរនិងអរគុណ បានពិភាក្សាកំដរខ្ញុំដល់ដំណាក់នេះ
ទោះបានឃ្លាតចាកពីប្រធានបទដើមបន្តិចហើយក៏ដោយ ។
ពាក្យ អ៊ីម៉ែវល៍ បើបានអានម្តង ខ្ញុំក៏បានញញឹមសូរឃឹកម្តងដែរ😀

15. ទឹម បឿន - 03/09/2009

ទំនេរ ចេះ​តែ​និយាយ​ទៅ ម្យ៉ាង​បាន​លួច​គំនិត​ពី​លោក​ផង😀

16. achharia - 03/09/2009

ហេសហេ៎! ខ្ញុំក៏ធ្លាប់លួចចូលមើលប្លក បឿន និង លួចយកល្បិចនៃការដាក់ឧិ្យ
ចំរៀង MP3 លេងបន្តបន្ទាប់គ្នាក្នុងឧបករណ៍លេង MP3 ខាងវើដប្រែសនេះដែរ ។
ឃ្លារបស់ក្មេងម្នាក់ដែលខ្ញុំមិនចាំឈ្មោះធ្លាប់បានរង្វាន់លេខមួយម្តងថា ៖

មនុស្សទាំងអស់ សុទ្ធតែជាចោរ😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: