jump to navigation

អោបកបងមក (ទូកយើងលិចហើយ) 31/07/2011

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, វីឌីអូ.
Tags: , , ,
trackback

 

បទ អោបកបងមក


 
សូមសរសើរអ្នកនិពន្ធទំនុកដែលចេះរកនឹកឃើញ មាន់រងាវម្ដងចេះដាស់គ្នាប្រឹងអុំ
ដោលទូកកេរ្តិ៍ម្ដាយទៅលេងស្រុកឡើងបែកញើសទាំងព្រលឹម។ ដោលតាំងពីមាន់
រងាវរហូតដល់ថ្ងៃរះព្រាងៗ ដោលបណ្ដើរត្រូវជូតញើសអោយបណ្ដើរផង មិនដឹងត្រូវ
ប្រឹងហត់ធឺណាទេ ព្រោះលឺច្រៀងថាថ្នោលតូចផង កុំតែថាបានវែងដែរនោះម្ល៉េះមុខ
ជាមិនងាយបានដោលជូនអូនទៅដល់ត្រើយខាងផ្ទះម៉ែទេ។ ពេលថ្ងៃរះព្រាងៗលឺថា
ទូកអូនក៏ផ្អៀងលិចទឹកនិងដល់ផ្ទះម៉ែល្មម ហើយថ្នោលក៏ភ្លាត់បាក់ បងធ្លាក់ទឹកហើយ
ដែរ..។ មុខតែទទឹកជោកទាំងពីរនាក់ហើយប្រឹងស្រវាអោបកគ្នារមួតបេះមិនដាច់ទេ។
ពេលនោះសំលេងហ្គីតាដេញពន្លើតបន្ទរក៏មិនធម្មតាដែរ…នាំអារម្មណ៍អោយលង់វក់វី
វឹងត្រសែតអណ្ដែតអណ្ដូងឡើងដល់ខ្ពស់កប់ពពកវេហាបានទំរាំធ្លាក់មកវិញ ធ្វើអោយ
អ្នកស្ដាប់ខ្លះដែលធ្លាប់ដោលអុំទូកក៏ចង់បែកញើសទទឹកជាមួយដែរហើយមើលទៅ។
 
កូនទូក១
កូនទូកតូចដែលឆាប់ផ្អៀងលិចទឹកបាន
 



 

មតិ»

1. pkay_sour - 01/08/2011

មិនអាចហេ បើលិចមែនច្បាស់ជា​សក់អ្នកណា ក្បាលអ្នកនឹងមិន​ខាន 🙂

Lovepeehs05 - 01/08/2011

អុញ! អត់ជួយគ្នាចឹងយ៉ាប់ហើយ!

achharia - 01/08/2011

Lovepeehs05 អើយ ! តាមអីផ្កាយមិនចេះហែលទឹក ។
កុំនិយាយពីរឿងតោងក អោបកពេលទូកលិច បើនិយាយ
ពីយកពោះវៀនកៅស៊ូកង់ឡានសប់ស្រេចទៅទុកសាកួរ
ហ្នឹងទើបទៅរួច 🙂

achharia - 01/08/2011

ផ្កាយសូគ៌ស្ដាប់លឺដែរហើយ គេច្រៀងថាដោលឆ្លងកាត់ស្មៅក្នុងបឹង
បើមានស្មៅដុះ បឹងហ្នឹងមិនជ្រៅទេ មុខតែឈរជើងដល់ដីមិនខាន។
តាមន័យចំរៀង ពីរនាក់នោះយល់ចិត្តគ្នាណាស់ មិនយករួចតែខ្លួន
ម្នាក់អែងទេ ដល់ទូកផ្អៀងលិចទឹក ច្រវាក៏ភា្លត់បាក់ អ្នកដោលក៏ធ្លាក់
ទឹកដែរ ហើយពួកគេប្រាប់គ្នា.. ម្នាក់ថាអោបអូនមកថ្លៃ ម្នាក់ថាអោយ
អោបកបងមក ទៅវិញទៅមក ។ តាមស្ដាប់ទៅ ស្រមៃតាមទៅ ពួក
គេទាំងពីរសុទ្ធតែពូកែហែលទឹកដូចគ្នាហើយ មិនប្រាស់យកត្រើយ
ឡើងគោកព្រងើយចោលគ្នាទេ។ អោយតែមានចិត្តជួយគ្នា មានអីថា
មិនអាច ? បើមិនអញ្ចឹង ជិះទូកជាមួយគ្នាតែពីរនាក់គ្មានអារម្មណ៍
ល្អទេ ទាល់តែរកពោះវៀនកង់សប់យកមកទុកសាគួរហើយបានបាន 😀

pkay_sour - 04/08/2011

នឹងគឺចំរៀងទេ បើរឿងពិតនោះ ច្បាស់​ជា​មិន​សង់ទីម៉ងចឹង​ហេ

achharia - 04/08/2011

បើរឿងពិតវិញហេ៎ មិនដឹងល្អមើលធឺណាទេ ! 😀

2. Lovepeehs05 - 01/08/2011

តាមមើលផ្កាយមិនចេះហែលទឹកទេ គាត់មិនដែលហ៊ានចុះងូតទឹក ដូចគេឯងទេ គាត់ធ្លាប់តែដងទឹកងូត ចឹងឯង!

achharia - 03/08/2011

ម៉េចដឹងគេ ?

3. pkay_sour - 04/08/2011

អុញ រវល់​ប៉ុន្មានថ្ងៃអត់បានមើល គេនាំគ្នានិយាយដើមផ្កាយកិលចឹង?

achharia - 04/08/2011

សិនស៊ីបឹលម្ល៉េះ ផ្កាយ !​​ គ្រាន់តែប៉ុននឹងថានិយាយដើមដែរ ។

4. Lovepeehs05 - 04/08/2011

ផ្ទះផ្កាយមិនមែននៅក្បែរស្ទឹងទេ ។ ទូកហ្នឹងដូចអត់មានគេជួយស្តារទេ យូរណាស់ហើយនៅតែហ្នឹងឯង ។

achharia - 04/08/2011

ម្ចាស់រវល់តែអោបកគ្នានៅមាត់ច្រាំងអែនោះ 🙂

5. Lovepeehs05 - 06/08/2011

មើលយូរៗទៅ ដូចជានៅក្រោយផ្ទះ លោក achharia ទេដឹង? ស្ទឹងក្រោយផ្ទះខ្លាចមានដើមកំប្លោកច្រើនមែនទេ? ហើយក៏មានទូកចឹងដែរ!

achharia - 06/08/2011

អូ៎! ដូចណាស់ ! តែអាឡូវនេះស្ទឹងហ្នឹងរីងរាក់ខុសពីមុន
ឆ្ងាយណាស់ ។ ពីដើមគ្រាន់តែអង្គុយមាត់ស្ទឹងក៏សប្បាយ
ភ្នែកណាស់ទៅហើយ មើលចុះក្រោមនៅតាមដងស្ទឹងឃើញ
ក្រមុំៗស្អាតៗចុះងូតទឹកនិងហែលលេង មើលទៅលើមេឃ
ឃើញសត្វហើររំលងស្ទឹងត្រឡប់ពីលិចវិញជាជួរៗចាំងឆ្លុះនឹង
ពណ៌មេឃក្រហមព្រឿងស្អាតណាស់ គួរគយគន់មិនចង់ដាក់ភ្នែក។
អស់មួយហ្វូងកុក មកមួយហ្វូងសេក រួចមកហ្វូងសត្វដទៃប្លែកគ្នា
បន្តបន្ទាបគ្នាដូចក្បួនជើងទ័ពអាកាសហោះសំដែងក្នុងពិធីបុណ្យ
ជាតិដែរ។ មានមេមួយហើរនាំមុខមុនគេអមដោយគ្នាវានៅរាយ
រៀងសងខាងល្បឿនស្មើៗគ្នា រៀងរាល់ល្ងាច រាប់ម៉ោងទំរាំអស់
ល្អមើលណាស់ ។
ហេហេ៎ ក្មេងៗមើលលើមេឃឃើញសត្វហើរ…កំលោះៗជំទង់ៗមើល
ចុះក្រោមឃើញទឹកហូរ ផ្កាកំប្លោកអណ្ដែតទឹកនិងពួកទេពអប្សរកំពុង
ចុះងូតទឹកហែលលេងយ៉ាងសប្បាយអឺងកង ។

6. Lovepeehs05 - 07/08/2011

និយាយចឹងត្រូវណាស់ ខ្ញុំនៅក្មេងល្អែងមើលទៅ ក្រមុំៗងូតទឹកចឹងមែន នៅម្តុំហ្នឹង ជាពិសេសដើរឆ្លងស្ពានហ្នឹងឃើញហើយ ក្រមុំៗងូតទឹកដូច គាត់ថាចឹង ហើយជាញឹកញាប់ណាស់ ក្រមុំៗនាំគ្នាទៅអោយលោកស្រោច ទឹកអោយ ក៏ឃើញចឹងដែរ ក្រមុំៗស្រុកយើងចិត្តល្អណាស់ ។

ចឹងគាត់មានដឹង នៅផ្សារបវេលហ្នឹង គេរៀបការកូនស្រី អាយុ ១៣ ឆ្នាំទេ? គេផ្អើលមើលគ្រប់គ្នា តែនាងហ្នឹងគាត់ធំប៉ិនគេងអែងដែរតើ ។

ហើយគេថា តាតីនៅខាងលិចផ្សារហ្នឹង មានកូនក្រមុំច្រើនណាស់ លឺពូៗ គាត់និយាយគ្រប់គ្នា តើលោកដឹងដែរទេ?

achharia - 07/08/2011

Lovepeehs05!
ក្មេងស្រីអាយុ១៣ឆ្នាំការនៅបវិលខ្ញុំមិនបានដឹងទេ ពីឆ្នាំណាដែរ?
ខ្ញុំធ្លាប់ឃើញនៅកន្លែងផ្សេង ទើបតែ១៣ឆ្នាំមែនតែរៀបការបាន
ព្រោះរូបរាងធំត្រឡោកប៉ុនគេអែងដូចអ្នកអាយុពី១៦ទៅ១៨ឆ្នាំដែរ
កាលពីឆ្នាំ៧៤-៧៥ មិនដឹងច្បាប់កាលនោះចែងថាម៉េចខ្លះទេ ។

ខ្ញុំធ្លាប់លឺដែរឈ្មោះតាតី តាដូង យាយអ៊ន និងមានក្រុមកោសជប់
ខ្យល់អែកជនលូចលាក់ច្រើនកន្លែងទៀតកាលខ្ញុំនៅទីនោះនៅឡើយ
តែខ្ញុំមិនដែលរវីរវល់ទេ ។ ដូចខ្ញុំបានរៀបរាប់ម្ដងហើយថា ឃុំបវេល
ជាឃុំមួយនៅដាច់ស្រយាលពីទីរួមខេត្តបាត់ដំបងមែនតែមានអ្វីៗស្ទើរ
គ្រប់មុខមិនចាញ់នៅតាមទីក្រុងទេ សប្បាយណាស់កាលនោះ ។
នៅទំនប់ទឹកបវិលកាលសង់រួចថ្មីៗប៉ុន្មានឆ្នាំដំបូង គ្រាន់តែទៅអង្គុយ
មើលត្រីលោតឡើងតាមល្បាក់ទឹកធ្លាក់ ត្រីលោកចូលថ្នងអែងៗ មាន
ទាំងត្រីតូចទាំងត្រីធំៗ ក៏មិនចង់មកផ្ទះវិញដែរ ។ អ្នកទៅរកត្រីកាល
នោះ បានរែកយកមកផ្ទះទាំងប៉ោតៗទាំងអំរែកៗ …អ្នកស្គាល់គ្នាសុំគ្នា
ស្លបាន អ្នកមិនស្គាល់ហ៊ានសុំក៏ហ៊ានបានដែរ រឺគ្រាន់តែដើររើសត្រីដែល
ជ្រុះខ្ទាតទៅលើដីពេលគេផ្ទេរពីទ្រុងបញ្ចូលប៉ោត ក៏រាប់គីឡូបានដែរ ។
ក្រោយពីពេលច្រូតកាត់រួច​ តែងមានពិធីបុណ្យទានលេងបន្តគ្នារដឹក មាន
កុនល្ខោនអាយ៉ៃយីកេចាប់ប៉ីដងវែង ឡាំថូនភ្លេងទ្រស្គរដៃ រាំសម័យមាន
ភ្លេងអកកែស…និយាដល់នេះនឹកឃើញអ្នកស្រុកខ្លះមិនចេះរាំចង្វាក់ស្ល៊ូវ
បូលេរ៉ូបែបអោបគ្នា ហេហេ៎! …ទិញតែផ្ការាំបានហើយចូលទៅអោបគេ
ខ្វិតទាំងច្រងាងមិនរាំដើរតាមចង្វាក់អីទេ ។ មានខ្លះប្រពន្ធទៅតាមឃើញ
កំពុងអោប ក៏ត្រូវបានអូសដៃបេះផ្ដាច់ពីគូរាំចេញទៅក្រៅវង់ក៏មាន …ប្តី
ឆ្លើយដោះសារថា “បើអាចង្វាក់ហ្នឹងគេរាំអញ្ចឹងអញធ្វើតាមគេទៅ តើ!”។
លុយដែលបានពីពិធីបុណ្យទាំងនោះគឺដើម្បីយកកសាងខាងសាលារៀន
និងវត្តអារាម មានតុកៅអីគ្រូនិងសិស្ស របង ក្លោងទ្វារ កុដិ …។ល។
ដែលដឹកនាំដោយក្រុមអ្នកចាស់ទុំក្នុងភូមិក្នុងស្រុកនិងចៅអធិការវត្ត ។

ម្យ៉ាងទៀតសម្លដែលខ្ញុំចូលចិត្តបំផុតមួយមានប្រភពដើមពីអ្នកស្រុកបវិលនោះ
គឺ “គ្រឿងក្ដៅ” ជាមួយសាច់សត្វស្លាបមានមាន់ ​ក្រួច លលក ព្រាបជាដើម
រឺជាមួយកង្កែប អន្ទង់ អណ្ដើកកន្ធាយ ទន្សាយ រឺសាច់សត្វព្រៃដទៃៗទៀត។
គ្រឿងផ្សំគឺ បុកគ្រឿងដូចសំរាប់សម្លម្ជូរគ្រឿងដែរមានខ្ទឹមស រំដេង រមៀត
ស្លឹកក្រូចសើច ហើយសំខាន់គឺ ស្លឹកគ្រៃ(យកខាងស្លឹកច្រើនជាងខាងគល់)
ស្លឹកម្រះព្រៅនិងម្ទេសច្រើនជាងធម្មតា ហើយគេយកទៅលីងរឺឆាអោយគោក
ជាមួយសាច់​លាយទឹកប្រហុកបន្តិចនិងថែមថយទឹកត្រីតាមត្រូវមាត់និងដាក់
បន្លែជាចាំបាច់គឺត្រប់ចង្កោម(ត្រប់ជងរឺពុតញង)និងត្រប់ស្រួយ។ខ្លះយកសំបក
ចេកខ្ចីរឺល្ហុងសាប់ដាក់ថែមជាបន្លែក៏បាន។ វាមានរស់ជាតិឆ្ងាញ់ផងហិរផង
ហើយធ្វើអោយក្តៅភាយបែកញើសបានស្រួលខ្លួនដោយសារគ្រឿងផ្សំទាំង
នោះ ជាពិសេសគឺមកពីស្លឹកម្រះព្រៅ ស្លឹកគ្រៃនិងម្ទេស។ គេអាចរំលែកយក
គ្រឿងក្ដៅនេះមួយចំណែកទៅថែមទឹករួចកំដៅអោយពុះដាក់ប៉េងប៉ោះនិង
ម្ជូរអំពិលចូលក៏បានជាម្ជូរគ្រឿងមួយបែបដែរ ដើម្បីបានជាសម្លមួយចានទឹក
មួយចានគោក ។ ឆាគ្រឿង ឆាម្រះព្រៅ ឆ្ងាញ់មិនដល់និងមិនអាចប្រៀបផ្ទឹម
រស់ជាតិទៅនឹងឆាគ្រឿងក្ដៅអ្នកស្រុកបវិលនេះបានទេ។
ភាសាពួកព្រានព្រៃនិងចាស់ៗខ្លះហៅម្ហូបនេះថា ខូគ្រឿងក្ដៅ ខួគ្រឿង រឺខួក្ដៅ
ដែរ តែមិនមែនដូចខួរបៀបស្ងោចំរុះពោតននោងនិងពងទារំងាស់អោយបាន
រាងខាប់ដូចខួអ្នកស្រុកដទៃធ្វើនិងហៅនោះទេ ។

Lovepeehs05 ធ្លាប់បួសនៅវត្តបវិល មុខតែធ្លាប់បានឆាន់ គ្រឿងក្ដៅ
អ្នកស្រុកបវិលនេះហើយកាលនោះ…ហើរបន្តិចប៉ុន្តែឆ្ងាញ់ណាស់មែនទេ ?

7. Lovepeehs05 - 07/08/2011

រឿងសម្លរ ឬគ្រឿងក្តៅហ្នឹងពិតណាស់ ឆ្ងាញ់មែនតែទឹកភ្នែកជាប់រហូត ចំពោះខ្ញុំ ជាពិសេសនៅតាមវត្តម៉ាជួរដងស្ទឹងមង្គលបូរីហ្នឹង ចូលចិត្តសម្លរ ឬគ្រឿងក្តៅណាស់ អ្វីៗច្រើនតែដាក់ម្ទេស ប្រហែលជាមិនខុសពីថៃទេ មើលទៅ ។ មានរឿងមួយនិយាយ រឿងសម្លរគ្រឿងក្តៅនេះ កាលណោះ ខ្ញុំចេញបរបាញ់ បាញ់បានសត្វ “តូច” មួយ នៅក្នុងព្រៃក្បែរព្រុំដែនខ្មែរ-ថៃ ហៅថា អូរដានខ្ទីង ១៥ គីឡូខាងកើតភ្នំបារាំងធ្លាក់ ជាព្រៃស្ទើរមើលថ្ងៃ មិនចង់ឃើញពេលរសៀល ។ ខ្ញុំបានយកមកដល់កន្លែង ពួកគ្នាខ្ញុំគាត់ចេះ ស្លរគ្រឿងក្តៅឆ្ងាញ់ណាស់ នៅពេលដែលកំពុងតែញាំ មេបញ្ជាការខ្ញុំគាត់ ចេះ តែដាក់ម្ទេសបន្ថែម ម្ទេសទុំលីងបុកយ៉ាងឈ្ងុយ គាត់ដាក់មួយ ស្លាប ព្រា ខ្ញុំខឹងក៏ដាក់មួយស្លាបព្រាដែរ ហើយគាត់ក៏ថែមមួយស្លាបព្រាទៀត ហើយខ្ញុំក៏ថែមមួយស្លាបព្រាទៀតដែរ ដាក់ចឹងទៅឃើញសុទ្ធតែម្ទេស តែនៅតែឆ្ងាញ់ តែក្តៅខ្លាំងណាស់ អីយ៉ូយ! នៅឥតបានយូរទេ អាពោះ ហ្នឹងវាធ្វើទុក្ខ ឈឺពោះ ពិបាកលោតចុះទឹកអូរភ្លាមៗដែរ ។

រឿងត្រីទំនប់បវេល ពិតណាស់ សម្បូរត្រីណាស់ ដូចលោកថាចឹងមែន ល្អមើលណាស់ ជាពិសេសត្រីវាលោតឡើងបញ្ច្រាសទឹក ហើយយើងយក កន្ត្រងដងត្រីស្រួលណាស់ ខ្ញុំបានទៅម្តងដែរ កាលនៅជាកូនសិស្សលោក នៅវត្តកំពុងឆ្នាំងក្បែរទំនប់ហ្នឹង ដោយគេប្រគេនត្រីលោក ទើបខ្ញុំបានគេ ហៅទៅដែរ ។ ហើយពេលនោះហើយ ដែលសម្តេចសង្ឃរាជ ទេព វង្ស សព្វថ្ងៃ ព្រះអង្គគង់នៅវត្តនោះដែរនាពេលនោះ ប្រហែលជា ចុងឆ្នាំ ៧១ ឬដើមឆាំ្ម ៧២ នេះបើតាមព្រះអង្គនិទានប្រាប់ខ្ញុំ កាលពេល ដែលខ្ញុំជាអ្នក យាមការពារព្រះអង្គ នៅពេលព្រះអង្គនិមន្តទៅសម្ភោធវត្ត នៅអាមេរិក កាលឆ្នាំ ១៩៩៧ ចឹងទើបបានដឹងថា ព្រះអង្គធ្លាប់គង់នៅវត្ត កំពុងឆ្នាំង ហ្នឹង ហើយព្រះគ្រូចៅអធិការវត្ត កំពុងឆ្នាំងហ្នឹងចេះស្លរសម្លរ ក្រៅឆ្នាំង ឆ្ងាញ់ណាស់ ឆ្ងាញ់មែនទែន សម្តេចសង្ឃលោកសរសើរដែរ ។ ថ្ងៃមួយហ្នឹងលោកតាខ្ញុំ ដែលជាសហការីអានុគណ ឈ្មោះលោកតា នួន វ៉ាយ ឆាន់ជុំគ្នានៅវត្តកំពុងឆ្នាំងហ្នឹងឯង កំពុងតែឆាន់ មានគេមកពិតទូល លោកតាថា ឱ្យប្រញ៉ាប់ទៅប្រជុំឯវត្តបវេល (លោកតាយ៉ាំងហៅ)អីយ៉ូយ! ខ្ញុំនេះពឺតខំញាំបាយសម្លរក្រៅឆ្នាំងយ៉ាងប្រញ៉ាប់ៗ មិនបាន ឆ្អែតទេ លោកតាចេះបង្ខំ អាចៅញាំឱ្យលឿនៗ ហើយក៏រត់តាមលោកតា យីស! កំពុងឆ្ងាញ់ផង ស្តាយដល់ហើយ!

រឿងតាតី ខ្ញុំធ្លាប់ឮតែឈ្នោះតាតី តែមួយហ្នឹង រឿងហ្នឹងមេបញ្ជាការខ្ញុំ ធ្លាប់តែនិយាយរឿងហ្នឹងជាការកំប្លែងប្រាប់ពួកខ្ញុំ រឿងគាត់ខិល ។ ហើយរឿងដែលខ្ញុំរំលឹករឿងហ្នឹង ដោយសារនៅក្បែរផ្ទះតាតីហ្នឹង ខាងកើត ជាប់ហ្នឹង មានផ្ទះថ្មមួយ ប្រហែលនៅរហូតសព្វថ្ងៃនេះ ផ្ទះហ្នឹង ជាផ្ទះដែលពួកតាម៉ើក (ខ្មែរក្រហម)គេបំពាក់អាវុធពួកខ្ញុំ កាលខែ ៩ ឆ្នាំ ៧៥ ហ្នឹងជាពេលដំបូងហើយ ដែលបានប៉ះកាំភ្លើង គ្រាន់តែបំពាក់ហើយ ក៏នាំគ្នាទៅវត្តល្វាភ្លាមដែរ ទៅរៀបទ័ពថ្មី ដូចនិយាយក្នុងបទសម្ភាស ។

ហើយរឿងនាង អាយុ ១៣ ឆ្នាំ ដែលបានរៀបការនោះ ប្រហែលជាចុង ឆ្នាំ ១៩៩៧១ ឬដើមឆ្នាំ ១៩៧២ ហ្នឹងដែរ នៅនឹងផ្សារបវេលហ្នឹងឯង ខ្ញុំដូចជាបានឃើញគេដង្ហែរកំពុងការហ្នឹងឯង ។ នៅខាងកើតថ្នល់ ខាងត្បូងផ្លូវទៅថ្នល់ទៅកើត មានចិនលក់ឥវ៉ាន់មួយ គាត់រាប់អាន លោកពូខ្ញុំណាស់ បាននិមន្តលោកទៅឆាន់ផ្ទះគាត់ហ្នឹង ដូចជាឈ្មោះ អាហ៊ា សារ៉ាយ ឬរ៉ាយ មិនច្បាស់ ឬភ្លេចទៅហើយ ។ល។

ហើយរឿងកុនល្ខោណ រាំវង់ហ្នឹង សម្បូរណាស់ គេតែងធ្វើជាញឹកញាប់ ជាពិសេសពេលបុណ្យទានម្តងៗពិតមែន ខ្ញុំនៅចាំគេ រាំវង់ នៅសាលា កូលេសបវេល ប្រហែលនៅទីនោះ ដែលលោកថា រាំស៊្លូនោះ ក៏មិនច្បាស់ ដោយសារខ្ញុំនៅតូច មិនបានចាប់អារម្មណ៍ តែល្អែងបាន ទៅមើលគេ មិនសូវដាច់ទេ ជាពិសេសកាលពេល សម្តេចឪ ទៅសម្ពោធទំនប់បវេល តើលោកមានបានទៅចូលរួមទេ? ខ្ញុំបានទៅ តែមិនចាំថា នៅឆ្នាំណាទេ ប្រហែលជាឆ្នាំ ១៩៦៩ ឬ ១៩៧០?

achharia - 07/08/2011

កាលសម្ពោធទំនប់ទឹកហ្នឹង ខ្ញុំក៏មានវត្តមាននៅទីនោះដែរ ។
កាលនោះពួកខ្ញុំត្រូវស្លៀកពាក់ជាយុវ័នទៅឈរអមផ្លូវនិងច្រៀង
ទទួលសម្ដេច ។ មានការរាំរែកដែរ ដែលពេលនោះហើយចង្វាក់
សារាវ៉ាន់ បទពពេជចៀប ចេញមុនគេបង្អស់នៅខណៈនោះ ក្រោយ
មកទើបលឺគេចាក់ផ្សាយតាមវិទ្យុ ។
រឿងបុណ្យទានមានពិធីកំសាន្តពីដើមគេច្រើនធ្វើនៅក្នុងសាលារៀន
ទល់មុខវត្តបវិលអែនោះទេ ។ ចំពោះគ្រឿងក្ដៅ ចង់ឆ្ងាញ់ជាងទៀត
គេបុកស្លឹកម្រះព្រៅធំ(ចន្ទគ្រឹស្នា?)ដាក់ថែមបើអាចរកបានក្បែរដៃ ។
ទើបតែដឹងនេះទេថា​ ស្ដេចសង្ឃទេពវង្សធ្លាប់គង់នៅវត្តកំពង់ឆ្នាំង
ក្បែរទំនប់ទឹកបវិលហ្នឹងដែរ ។
អរគុណ Lovepeehs05 ច្រើនណាស់ បានតបមកខ្ញុំច្រើននិងបាននាំ
និយាយរំលឹករឿងអនុស្សាវរីយ៍ពីអតីតកាលនៅ បវិល ។ 🙂

8. Lovepeehs05 - 08/08/2011

កាលទទួលសម្តេចឪ ខ្ញុំដូចជាចូលកៀកមែនទែន បានឃើញអាគាំង ឬបារាំងថតឆ្វាត់ឆ្វែង ហើយឃើញដូនជីជាច្រើន នៅជុំវិញវេទិការ ហើយមុននឹងសម្តេចយាងមកដល់ ឃើញកន្ទុមរុយហោះ តាមភាគខាង ជើងឬលើដងថ្នល់ ទម្លាក់ក្រណាត់ជាច្រើន ឃើញគេរត់ឆ្វាត់ឆ្វែង ដណ្តើម ក្រណាត់គ្នា ។
រឿងបុណ្យនៅបវេលនេះ ខ្ញុំមិនសូវបានចូលរួមច្រើនទេ ពីព្រោះមិនសូវ មានគ្នាដើរ បានទៅពីរបីដងនៅមុខវត្តបវេល ហើយទៅម្តងនៅសាលា អានុវិទ្យាល័យបវេល តែចូលរួមច្រើនជាងគេ នៅសាលារៀនមុខវត្តក្តុល គឺចូលរួមច្រើនមែនទែន គ្រប់ពេលគេមកសម្តែងទាំងអស់ ។ រឿងកុន ដែលខ្ញុំបានមើលមុនគេគឺរឿង សច្ចៈមេទ័ព បន្ទាប់មកផ្ការាំទឹករាំ, ហើយមានរឿងច្រើនទៀតអត់ចាំ ហើយក្រោយមក មើលរឿង នាង១២នាក់ ឬនាងកងរី? កំសត់ជាងគេ, រឿងសូរិយាល្ងាចថ្ងៃ ដូចល្អមើលជាង គេ ហើយនិងល្ខោនតាអឹង រឿងសាំងសិលជ័យជាដើម ក្រុមល្ខោនហ្នឹង ដូចឮថា មកពីម្តុំល្វា មែនទេ? ហើយរាំវង់ ឡាំថូនអីហ្នឹងមើលទាំងអស់ ឃើញគេរាំល្អៗមើលណាស់ ហើយបទពពិចចៀបអើយ ស្វាយមួយមែក និងសារ៉ាវ៉ាន់ហ្នឹង ឃើញលោកគ្រូៗគាត់រាំ កាលណោះដូចជាសប្បាយ ណាស់ ចឹងបានខ្ញុំសរសើរថាសម័យនោះមានសុខសន្តិភាពណាស់ នោះអី! ហើយខែវស្សាទឹកជនឡើងលិចណាណី ជិះទូកលេងនិងលោក និមន្តទៅបិណ្ឌបាតតាមទូក ទៅជាមួយលោកសប្បាយណាស់ ទៅតាម ចំការគេដាក់បន្លែមកពេញៗទូក សម្បូរបន្លែណាស់ ហើយសម្បូរក្រូច ពោធិសាត់ណាស់ តាមដងស្ទឹងហ្នឹង ។ ហើយគេប្រណាំងទូក ង ក៏សប្បាយណាស់ដែរ វត្តខ្ញុំ វត្តក្តុលគឺព្រាយកន្ទោងខៀវ គេចូលរូបទៅ ល្អមើលណាស់ ខាងវត្តបវេលព្រាយអីដែរ? តែថាដូចជាកម្រឈ្នះទូក វត្តក្តុលណាស់ ចឹងមែនឬ? ទូកវត្តក្តុលស្អាតជាងគេ ។

រឿងសម្លរគ្រឿងក្តៅហ្នឹង ហើយរឿងដើមច័ន្ទក្រឹស្នាហ្នឹង នៅព្រៃពាក់ កណ្តាលផ្លូវ អូរដានខ្ទីងនិងភ្នំបារាំងធ្លាក់សម្បូរណាស់ នៅលើភ្នំ ខ្ញុំឃើញខ្លឹមវាក៏ច្រើន តែមិនដឹងយកធ្វើអី គ្រឿងស្លរក្តៅចាស់ៗគាត់ផ្សំ មានផ្លែដង្កោក្រវាញ ស្អីខ្លះទៀតទេភ្លេចអស់ហើយ សុទ្ធតែគ្រឿងក្តៅ តែខ្ញុំចាំថា ថ្នាំបំពុលត្រី ខ្ញុំយកដឿមឈើភ្លើង មកកោស ដូចកោសដូង ជាមួយកាំបន្ទុស់ ដែលយើងមានសម្រាប់បិតចំរូង យកវាកោសបាន ប្រហែលមួយបាវ យកទៅចាក់លើទឹក ក្នុងអន្លង់ក្នុងអូរដានខ្ទីងហ្នឹង ត្រីងាប់បះពោះឡើងលើ ដូចយើងបំពុលថ្នាំដែរ តែពំពុលដោយឈើ ភ្លើងនេះ ប្រហែលជាមិនប៉ះពាល់សុខភាពដូចបំពុលថ្នាំទេ ។ នៅក្នុងព្រៃកន្លែងខ្ញុំនៅនោះ មិនសូវមានត្រីទេ ព្រោះដីខ្ពស់ជើងភ្នំ មានសម្បូរតែស្វា ចឹងខ្ញុំកើតជាព្រានបរបាញ់ស្វា មិនតិចពី ៥៥ ស្វាទេ បើតាមខ្ញុំរាប់ ហើយមួយគ្រាប់សុំតែស្វាមួយចឹងហើយ ខ្ពស់ណាក៏បាញ់ ត្រូវដែរ កំប្រុកក៏បាញ់ត្រូវដែរ ឱ្យតែមើលឃើញ កាំភ្លើងអីក៏បាញ់ត្រង់ ដែរ ខ្ញុំចេះសារេវា ដើមឈើស្រុកនោះខ្ពស់ៗណាស់ ៥០-៧០ម៉ែត្រ ស្លឹកច្រើន មើលមិនងាយឃើញទេ បើចង់បាញ់ស្វា ម៉ោងប្រហែល ៥ ព្រឹកទៅគោះគល់ឈើ ដូចទូងស្គរ ស្វាផ្អើលយំពេញព្រៃលើដើមឈើ ហើយភ្លឺច្បាស់យើងទៅរកវា នៅទីនោះឯង ។ល។

achharia - 08/08/2011

សូមសរសើរ Lovepeehs05 ដែលមានទេពកោសល្យខាង
បាញ់កាំភ្លើងបានត្រង់ ស្ដាប់ទៅមិនចាញ់តួពួកខៅប៊យទេ
មួយគ្រាប់ស្វាមួយ កំប្រុករត់ក៏បាញ់ត្រូវដែរ មិនធម្មតាទេ 🙂

ហើយគួរអោយចាប់អារម្មណ៍ណាស់ចំពោះវិធីយកដើមឈើភ្លើងនិង
កាំបន្ទស់មកកោសដាក់ទៅក្នុងទឹកបំពុលត្រីដើម្បីចាប់យកនោះ ។
ខ្ញុំក៏ធ្លាប់បានឃើញដែរនៅស្ទឹងបវិលហ្នឹងតែម្ដង មិនដឹងគេដាក់ពី
ត្រឹមណាមកទេបានជាត្រីក្នុងស្ទឺងទាំងមូលពុលហែលហបយឺតៗ
ខ្លះក៏ងីងើផ្ងាពោះម្ដងៗអាចអោយគេចាប់យកបានស្រួលៗ ហើយ
ក៏មិនលឺថាមានពុលតដល់មនុស្សដែរដែរ ។

បើពីក្រុមល្ខោនវិញ វង់ល្បីៗពីបាត់ដំបង ភ្នំពេញ រហូតមកពីកំពង់
ចាមផងដែរសុទ្ធតែធ្លាប់បានទៅសំដែងនៅបវិលទាំងអស់ អត់តែ
តួអែកកំពូល សាំង ​សារុន មួយទេមិនហ៊ានទៅលេងដោយខ្លាច
ចាញ់អថ័នលោកតាប្រសព្វដែលកាលនោះល្បីថាខ្លាំងពូកែណាស់។
កាលបុណ្យសព្វលោកតាប្រសព្វហ្នឹង នៅឃុំបវិលមានការបាញ់
កាំជ្រួចសំបើមណាស់ ជាបុណ្យធំជាងគេនៅបវិល។ គ្រាន់តែអ្នក
លក់នំចំណីតាមថ្នល់គឺលក់ជាប់គ្នារដឹកពីម្ដុំផ្សារផ្លូវបែកទៅសង្កែវារ
រហូតដល់ព្រៃទទឹង មនុស្សពេញផ្លូវ ពេញវត្ត មិនចាញ់បុណ្យកាល
សម្ពោធវិហារវត្តពោធិវាលនៅទីរួមខេត្តបាត់ដំបងក្រោយមកទេ ។
មិនដឹងថាកាលនោះ Lovepeehs05 បានទាន់ហើយបានទៅលេង
ដែររឺក៏អត់?

​និយាយពីរឿងទូកងវិញ ទូកងវត្តបវិលធ្លាប់មានប្រវត្តិប្រណាំងឈ្នះ
គេនៅខេត្តបាត់ដំបងបានរង្វាន់ជាប្រាក់ច្រើនយកមកធ្វើព្រះវិហារ
វត្តបវិលជាលើកដំបូង ។ ចាស់ៗថាឆ្នាំណាដែលទូកត្រូវប្រណាំងឈ្នះ
គេ ពេលលើកទូកក៏ស្រាលហើយទូកហ្នឹងហាក់ដូចជាជំរុលខ្លួនរំកិល
ចុះទៅរកស្ទឹងអែងៗ មិនពិបាកទេ អ្នកលើកប្រឹងតែទប់មិនអោយជ្រុល
លឿនទៅមុខពេកតែប៉ុណ្ណោះ ។ ទូកវត្តក្ដុលមានចំណុះច្រើននិងវែង
ជាងទូកវត្តបវិលមែន តែការបានទទួលភួងមាល័យគឺឆ្លាស់គ្នាប្រចាំឆ្នាំ
មិនមានទូកវត្តណាឈ្នះរហូតទេ។​ និយាយដល់នេះនឹកឃើញការហែ
កឋិនផ្កាប្រាក់តាមទឹកជាមួយដែរ។ ក្បួនដង្ហែធំតាមទួកធំៗដូចសំប៉ាន
មានកាណូតសណ្ដោងនិងមានលេងភ្លេងបុរាណលើនោះបានផងដែរ ។
លើទូកចងភ្ជាប់គ្នាធំៗនោះមានតែលោកសង្ឃ អ្នកលេងភ្លេង ផ្កាប្រាក់
អាចារ្យនិងចាស់ៗលោកតាលោកយាយ។ ចំណែកក្មេងៗកំលោះក្រមុំ
ជាអ្នកអុំហែហមតាមកូនទូកតូចៗរៀងខ្លួន ខ្លះមួយគូៗ ខ្លះពីរគូ ទូកខ្លះ
មានកំលោះពីរស្រីបីបួន ខ្លះអុំធ្វើអោយលិចទូកហើយចាប់តោងគ្នាហែល
រកច្រាំង ដូចបទចំរៀងខាងដើមនោះដែរ។ញ៉ាំបាយកញ្ចប់លើទូក អុំជ្រក
ម្លប់បាំងដុបត្រែងតាមមាត់ទឹកសារសងគ្នា ក្រមុំៗខ្លះមិនខ្មាស់សៀតផ្កា
នៅត្រចៀកឡើងឈរច្រៀងរាំលើទូក ប្រុសៗទះស្គរបន្ទរ។ ក្នុងស្ទឹង
ឃើញសុទ្ធតែទូក។ ពេលបកមកផ្ទះវិញឃើញច្រើនតែទទឺកជោកម្នាក់ៗ
ទាំងស្រីទាំងប្រុស…អ្នកឈរមើលពីច្រាំងទៅក៏សប្បាយភ្នែកណាស់
ដែរកាលនោះ (នៅរវាងដើមឆ្នាំហុកផ្លាយ)។

បើនិយាយចេះតែបែកជាអូរហូរជាស្ទឹង រៀបរាប់មិនងាយអស់ទេ
ពីព្រឹត្តិការណ៍គួរចងចាំនិងអនុស្សាវរីយ៍ល្អៗនានានៅភូមិឃុំស្រុក
បវិល ដែលជាទឹកដីកំណើតរបស់ខ្ញុំនេះ ។ ទោះបីជាយើងនាំគ្នា
សរសេរឆ្លើយឆ្លងជជែកចាកឃ្លាតពីប្រធានបទខាងដើមឆ្ងាយបាន
បន្តិចទៅហើយក៏ដោយ​​ តែខ្ញុំមានអារម្មណ៍បានសប្បាយរីករាយ
ណាស់ ដែលបានជជែកគ្នាលេងពីស្រុកកំណើតរបស់ខ្លួនដូច្នេះ ។

អរគុណ Lovepeehs05 ច្រើនណាស់ ជាថ្មីម្ដងហើយម្ដងទៀត !
🙂

Lovepeehs05 - 09/08/2011

រឿងបាញ់ហ្នឹង ខ្ញុំប៊ិសយ៉ាប់ ថ្ងៃមួយខ្ញុំត្រូវឡើងទៅធ្វើការនៅឯ ខ្សែរត្រៀមមុខ ព្រុំដែនខ្មែរ-ថៃ យើងធ្វើដំណើរចេញទៅបាន ប្រហែលជា ៣-៤ គីឡូម៉ែត្រ បានជួបកំប្រុកខ្ទីង បាញ់បាន កំប្រុកហ្នឹងមួយ ហើយដើរបន្តិចទៀតជួប ស្វាឪឬស្វាអង្គត់ ឥតកន្ទុយ ធំៗមួយហ្វូង តាមពិតកម្រឃើញពួកស្វានេះណាស់ ខ្ញុំក៏សម្រេចចិត្តបាញ់បាន ៤-៥ ហើយយកដាក់នៅក្បែរផ្លូវ ទុកឱ្យគ្នាខ្ញុំយកមកកន្លែង ដោយគិតឃើញថាយើងអត់ម្ហូប រួមផ្សំនឹងចង់បាញ់ផងដែរ ព្រោះបាញ់មិនដែលខុស ដូចជា ញៀនបាញ់ផង ។ លុះដល់ខ្សែរត្រៀមមុខ ក៏ប្រាប់ឱ្យមេក្រុម ឱ្យយកស្វានោះទៅកន្លែងផង ។ មានអីមេក្រុមហ្នឹងគាត់ទៅ រាយការណ៍ប្រាប់មេធំថា ខ្ញុំបាញ់បង្ហិនបំផ្លាញគ្រាប់ ទៅវិញ គេហៅទៅទិទៀន ប៊ិសយ៉ាប់ តាមពិតមេក្រុមហ្នឹងគាត់គុំខ្ញុំ យូរហើយ គាត់ច្រណែនខ្ញុំ ពីព្រោះកាលណោះ មេៗខាង ពាយព្យ គេ(ខាងនីរតី)ដកអស់ហើយ នៅសល់មួយៗ ហើយ ខ្ញុំត្រូវបានគេតម្លើង ឱ្យធ្វើមេបញ្ជាការកង ហើយមិត្ត ហ្នឹងគាត់ មិនបានឡើងទេ នៅតែមេក្រុមដដែល ហើយគាត់ ជាអតីត នារក្សាផង ចំណែក ខ្ញុំមិនដែលមានតួរនាទីអីនឹងគេទេ តែ មេកងធំខ្ញុំគាត់បានប្រាប់ ពួកនិរតីមុននឹងគេដកគាត់ថា ខ្ញុំនេះល្អស្អាតស្អំជាងគេ ហើយ មានប្រវត្តិតស៊ូផង ចឹងពួក គាត់ក៏ចាប់អារម្មណ៍ខ្ញុំពីពេលនោះ មក ហើយមិនមាន រឿងតែម្តងហ្នឹងទេ ក្រោយមកមានរឿងគេ ច្រណែនទៀត នៅពេលដែលគេតម្លើងឱ្យធ្វើជាស្មៀនកង វរៈសេនាតូច ហើយកងវរៈសេនាធំ ក៏ចង់បានដែរ ពួកស្មៀន ចាស់គេ ច្រណែន ថែមទាំងមាននារី ប្រពន្ធមេ ចេះតែមកញ៉ែ ទៀត អូយយ៉ាប់ណាស់ខ្ញុំ ព្រួយបារម្ភណាស់ ។ល។

ហើយរឿងបុណ្យលោកតាប្រសពវត្តបវេល ដូចដឹងដែរ តែមិន បានទៅណាទេ កាលនោះមិនទាន់បានល្បីឈ្មោះទេ ចឹងអត់ មានលោកចាប់អារម្មណ៍ទេ នៅជាកូនសិស្សសាមញ្ញធម្មតា ដេកនៅតែសាលាលោកឆាន់ ជុំគ្នាជាមួយកូនសិស្សជាច្រើន ។ ខ្ញុំមានរឿងយល់សប្តមួយ ធ្វើឱ្យល្បីឈ្មោះជាខ្លាំង នៅវត្តក្តុល ហ្នឹង គឺធ្វើឱ្យខ្ញុំបានឡើងឋានៈជាកូនសិស្ស លោកតាសហការី អានុគណ គឺយល់សប្តថា “ក្រឡាប់ផែនដី” គឺប្រទេសខ្មែរ យើងក្រឡាប់ ។ គឺយល់សប្តមុនពេលលោក លន់-នល ធ្វើរដ្ឋ- ប្រហារសម្តេចសីហនុបន្តិច ចឹងយល់សប្តនេះ វាទាក់ទងនឹង រឿងស្រុកខ្មែរតែម្តង ។ល។ និយាយទៅកាន់តែ ឃ្លាតចាក ប្រធានបទទៅ ចឹងចាំនិយាយរឿងដ៏អស្ចារ្យនេះ នៅប៉ុសខ្ញុំម្តង ចង់ប្រាប់ថាវា អស្ចារ្យយ៉ាងម៉េច ។

achharia - 10/08/2011

អរគុណ Lovepeehs05 ហើយ ពូកែចាំរឿងពីដើមៗកាល
សម័យខ្មែរក្រហមក៏ច្រើនណាស់ដែរតើ ។ កាលនោះបើកុំតែមានពួកយោធាយាមតាមព្រំដែនតឺងខ្លាំង
ម្ល៉េះមនុស្សនាំគ្នារត់ចេញពីស្រុកខ្មែរអស់ព្រោងព្រាតហើយ ។
ខ្ញុំមិនបានតបវែងឆ្ងាយទេ ជាប់រវល់ណាស់មួយរយៈនេះ ។
សូម Lovepeehs05​ មានសំណាងល្អនិងបានជោគជ័យ !

Lovepeehs05 - 10/08/2011

ដល់ចំណុចនេះ ចង់បញ្ជាក់បន្តិច តាមពិត ពួកខ្ញុំមិន
ដែលបានប៉ះពួកខ្មែរដែលរត់ទៅព្រុំដែនទេ ពួកគេមិន
ដឹងជាទៅខាងណាទេ ។ បើមានរត់ទៅចំកន្លែងនោះ
ក៏មិនប្រាកដថាជួបដែរ ពីព្រោះព្រៃក្រាសណាស់
ហើយយាមឆ្ងាយៗគ្នាណាស់ ៣-៤ គីឡូម៉ែត្រពីគ្នា ។
ពួកអ្នករត់ ពួកខ្ញុំបានជួបតែម្នាក់គត់ ហើយមិនមែនខ្មែរ
ទេ ដូចខ្ញុំបាននិយាយក្នុងសម្ភាសចឹង ។ តែខ្ញុំសូម
បញ្ជាក់ថា មានដាក់ខ្សែរត្រៀមយាមការពារព្រុំដែន
ជា ៣ ខ្សែរត្រៀម ។ ខ្សែរត្រៀមទី ១ ជាប់ព្រុំដែន
ខ្មែរ-ថៃ ខ្សែរត្រៀមទី ២ ជួរអូរដានខ្ទីង និងខ្សែត្រៀបទី
៣ នៅជួរអន្លង់ថ្ម និងបោសធំ ខាងលិចអំពិលប្រាំដើម
និងដំបូកក្នង ។ នៅចន្លោះប៉ៃលិន និងភ្នំម៉ាលៃ ដាក់
ទាហាន ពីរកង វរៈសេនាតូច ដែលមានចំនួនទាហាន
៦០០នាក់ ។ល។

achharia - 10/08/2011

គួរអោយសោកស្ដាយក្រៃលែង ! ខ្មែរល្ងង់ណាស់់
មិនគួរចាញ់បោកពួកមេៗខ្មែរក្រហមធំៗជោរល្ងើៗ
អស់នោះ គាំទ្រពួកវាអោយឈ្នះមកកាន់អំណាចបាន
នាំអោយខ្មែរទាំងប្រទេសអន្តរាយហើយមានផលវិបាក
បន្តរហូតមកដល់សព្វថ្ងៃនេះទេ ។ ជារឿងគួរអោយអា
ម៉ាស់ជាទីបំផុតហើយលើលោកនេះសំរាប់ជាតិខ្មែរ ….
គឺក៏មហាអស្ចារ្យដែរ …ចេះកប់ពពក ជ្រកអាច់ជន្លេន !

ជួនកាលខ្ញុំមានទស្សនៈរវើរវាយថា ៖
ព្រះ គឺជាបន្សំនូវវត្តមាននៃអ្វីៗទាំងអស់ដែលទាក់ទងគ្នា
តាមរូបមន្តនៃសច្ចធម៌របស់ធម្មជាតិ បានបង្ហាញនៅនឹង
មុខៗហើយថា អ្នកណាធ្វើត្រូវផ្លូវល្អបានផលល្អ ធ្វើត្រូវ
ផ្លូវអាក្រក់បានផលអាក្រក់ ភ្លាមៗរឺប្រយោលគឺយោលទៅ
តាមបន្សំនៃធាតុបង្ករនិងទំនាក់ទំនងតាមហេតុផលនៃទង្វើ
ដែលមនុស្សមិនអាចគណនាដឹងបានត្រូវម៉ាច់ជាមុនដូចការ
គណនាតាមរូបមន្តខាងវិទ្យាសាស្ត្រនានាមានគណិតវិទ្យា
និងរូបវិទ្យាជាដើមនោះទេ។ ខ្មែរស្លាប់រាប់លានអ្នកបាន
មិនមែនគ្មានមូលហេតុជាក់លាក់ទេ តែមនុស្សខ្វះសមត្ថភាព
ក្នុងការរកអោយឃើញនូវសច្ចភាពនេះ ក៏ថាជាព្រហ្មលិខិត
ទៅ ដែលព្រះជាអ្នករៀបរៀង ។

Lovepeehs05 - 14/08/2011

បើតាមការស្រាវជ្រាវរបស់ខ្ញុំ ចូរ achharia មើលចេះ វិញ តើខ្មែរក្រហម មានប៉ុន្មានបក្ស ? មាន ៣-៤ បក្ស តែបក្សពីរធំជាងគេ គឺបក្សខ្មែរយិយមចិន និងបក្សខ្មែរ និយមយួន ។ បក្សទាំងពីរនេះ មិនត្រូវគ្នាទេ ដូចឃើញ ស្រាប់ហើយ ។ បក្សខ្មែរប៉ុលពត ជាបក្ស កាន់អំណាច ក៏ពិតមែន តែមិនមែនបានន័យថា កាន់អំណាចបានទាំងស្រុងទេ គឺបានត្រឹមថ្នាក់លើ មួយចំនួន តែប៉ុណ្ណោះ ។ លោកប៉ែនសុវណ្ណគាត់បាន មានប្រសាសន៍ហើយថា ពួកគាត់មិនបានធ្វើធំ នឹងគេទេ ចឹងហើយបានជាគាត់ គេចដកខ្លួនចេញ ទៅស្រុកយួនកំឡុងឆ្នាំ ១៩៧៤ ។ រឿងការសម្លាប់ រង្គៀល បង្អត់បាយប្រជាជន ខ្ញុំជឿថាប៉ុលពត ប្រហែលជាអត់ដឹងទេ បើដឹងក៏យឺតពេលទៅហើយ អញ្ចឹងហើយបានជាមានផែនការណ៍ ដកមេកម្មា-ភិបាលទាំងអស់នោះ ទៅធ្វើទុក្ខទោស នៅពេលហ្នឹង ហើយធ្វើឱ្យការសម្លាប់រិតតែប្រញឹកឡើង ហើយការ បំផុសបំផុលរិតតែមានច្រើនឡើងៗ ពេញទូទាំងផ្ទៃ ប្រទេសកម្ពុជា ។ តើដោយសារអ្វី? តើដោយសារ នរណា ? នៅពេលនោះ ប៉ុល ពត វាយតម្លៃស្ថាន-ការណ៍ខុស គឺបរាជ័យចឹងហើយ ! មែនទេ ?

9. Lovepeehs05 - 15/08/2011

សូមបញ្ជាក់បន្ថែមៈ រឿងចិនគាំទ្ររបបខ្មែរក្រហម ប៉ុល-ពត មិនមែនដូច គណបក្សប្រជាជន គាំទ្រដោយយួននោះទេ ។ រឿងចិនមិនបានស្មើនឹង អាមេរិកាំង ដែលគាំទ្រយួនខាងត្បូងទេ ។ អាមេរិកាំងបានបញ្ជូនទ័ព រាប់សែននាក់ មកជួយច្បាំងយួនខាងត្បូង តែចិនមិនបានបញ្ជូនកងទ័ព ឱ្យមកជួយច្បាំងខ្មែរក្រហម ប៉ុល ពត ទេ ។ រឿងយួនគេបានបញ្ជូន កងទ័ពរាប់សែននាក់ មកជួយច្បាំងខាងខ្មែរនិយមយួន គឺយួនគេមាន មហិច្ឆិតាជាងចិន គឺចិនគ្រាន់តែជួយក្នុងនាមជា មិត្តភាពប៉ុណ្ណោះ មិនមែនក្នុងនាមមកកាន់កាប់ស្រុកខ្មែរ ដូចយួននោះទេ! មែនទេ ?

achharia - 17/08/2011

Lovepeehs05 អើយ ! ឧក្រិតកម្មនាសម័យប៉ុលពតជាកំហុស
រួមគ្នាធំៗណាស់ ។ ខ្មែរនៅល្ងង់ណាស់ អោយគេបញ្ជោរនិងបញ្ឆោត
បានទាំងរាស្ត្រទាំងមេអ្នកដឹកនាំ …ស្លៀកហូលផាមួងពណ៌ចំរុះ
ស្អាតៗសុខៗ ទៅឆ្កួតនឹងអាផាឌឹបខ្មៅស្បែកជើងកង់ឡានទៅកើត!
គ្មាននរណាក្លាហានបែបល្ងង់ចេញសារភាពកំហុសខ្លួនទេ ដូច្នេះមាន
តែការខំសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រទេដែលអាចស្វែងរកការ
ពិតបានថា ម៉េចបានខ្មែរកាលនោះស្លាប់រាប់លាននាក់បាន !!!។

មួយរយៈនេះជាប់រវល់ច្រើនបានជាខ្ញុំមិនបានតបអោយទាន់ពេល
សូមកុំប្រកែប្រកាន់អី តែខ្ញុំឆ្លៀតពេលអានរាល់ការដាក់មតិទាំងអស់
និងស្វាគមជានិច្ច ។

10. Lovepeehs05 - 19/08/2011

អរគុណ Achria ដែលបានឆ្លើយឆ្លង ! ដើម្បីវិភាគឱ្យបានស៊ីជម្រៅ ឱ្យជ្រៅបន្តិចទៀត ថាតើការសម្លាប់ខ្មែរ ១.៧ – ៣ លាននាក់ ប្រើពេល ប៉ុន្មានឆ្នាំ ? មានដំណាក់កាលបី ដែលត្រូវវិភាគ គឺពីឆ្នាំ ១៩៧០-៧៥, ១៩៧៥-៧៩, និងពីឆ្នាំ ១៩៧៩-១៩៩៧ ។ ត្រូវដឹងថា ដំណាក់កាល និមួយៗស្លាប់ប៉ុន្មាននាក់ ? ហើយបើចង់ដឹងឱ្យច្បាស់ជាងហ្នឹងទៅទៀត ចូរមើលព្រឹត្តិការណ៍ ដែលស្លាប់នៅកោះពេជ្រឆ្នាំទៅមិញ ស្លាប់អស់ ៣៥៥ នាក់ និងរបួសជាង ១០០០ នាក់តែមួយពព្រិចភ្នែក ។ តើដោយសារអ្នក ណា និងសោយសារហេតុអ្វី ? តើអ្នកណាទទួលខុសត្រូវ ?

achharia - 19/08/2011

ម្នាក់ៗបកស្រាយទៅតាមនិន្នាការនយោបាយនិងចំណង់
ចំណូលចិត្តរបស់ខ្លួនផងនៅឡើយ ។ ការបកស្រាយពន្លើស
ពីការពិតនានា ស្ដាប់ទៅគួរអោយធុញទ្រាន់ផងនិងហាក់ដូច
ជាវាជួយបិទបាំងការពិតអស់នោះផង ។ ខ្លះនាំយកសាច់រឿង
តែមួយភាគរឺមួយកំណាត់មកនិយាយវែកញែក ..ម៉េចត្រូវ ?
ដូចគេនិយាយតៗគ្នាថា ស៊ីផឹកជាមួយគ្នាមួយតុ ចង់អោយម៉ុក
ចេញលុយតែអែងម៉េច?..គឺវានៅតែគ្មានយុត្តិធម៌កាម៉ស្រែងអីវាទេ !

….នេះបើតាមខ្ញុំលឺគេថា !

11. Lovepeehs05 - 20/08/2011

រឿងការសម្លាប់ខ្មែរនេះ យើងមិនត្រូវចេះតែនិយាយស្មានៗទេ គឺយើងត្រូវ រកហេតុផលរបស់វាដែរ ។ រឿងយកឬចាប់កម្មាភិបាល ខាងពាយ័ព្យយក ទៅធ្វើទារណកម្ម ដាក់គុក នឹងសម្លាប់ ខ្ញុំទទួលស្គាល់ថា ពួកតាម៉ុកហ្នឹង ហើយ មិនខុសទេ តែអ្នកដែលគេសម្លាប់មុនហ្នឹង ច្បាស់ជាពួកផ្សេង ហើយ ។ ហើយអ្នកដែលគេសម្លាប់តាមសហករណ៍នោះ តើនរណាជាអ្នក សម្លាប់ បើតាមខ្ញុំបានសម្ភាសឬសួរអ្នកនៅតាមសហករណ៍ គឺពួកកង ឈ្លប មេកង ប្រធានសហករណ៍ ឬមេឃុំហ្នឹងឯង ខ្លះត្រូវបានគេយកទៅ សម្លាប់ដោយគ្រាន់តែលួចបាយញាំ លួចបេះបន្លែ ហើយខ្លះទៀត គ្រាន់តែចងគោ ដាច់ស៊ីស្រូវ ក៏យកគ្នាទៅសម្លាប់ដែរ តើរឿងទាំងអស់ហ្នឹង ចាំមានបទបញ្ជារមកពីថ្នាក់លើឬយ៉ាងណា ខ្ញុំដូចជាមិនជឿទេ ។ ខ្ញុំធ្លាប់ បានមើលច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្មែរក្រហមដែរ តែមិនឃើញមាននិយាយ សម្លាប់របៀបចឹងទេ ហើយខ្ញុំផ្ទាល់ខ្លួន និងមនុស្សរាប់សិបនាក់ នៅក្នុងកងខ្ញុំមិនដែលមានគេសម្លាប់របៀបហ្នឹងសោះ សូម្បីតែម្នាក់ក៏គ្មាន ដែរ រាល់កំហុសត្រូវទិទៀនគ្នាបីដង មិនមែនម្តងឬពីរដងទេ តែកម្រពីណា ធ្វើខុសដល់ពីរដងទេ ហើយរឿងធ្វើខុសបីដងមិនឡើយ នេះចំពោះពួកខ្ញុំ ។ រឿងខ្ញុំគ្មានទំនាស់អីជាមួយពួក អាតីតមេកម្មាភិបាល ខាងពាយ័ព្យ ក៏អត់ទេ មានតែគេជួយខ្ញុំ ដូច្នេះគ្មានរឿងអ្វី ដែលធ្វើឱ្យខ្ញុំនិយាយអាក្រក់ ពីពួកគាត់ឡើយ តែគ្រាន់តែគេមិបានឱ្យខ្ញុំធ្វើមេគេប៉ុណ្ណោះ ហើយក៏គ្មាន ទោមនស្សអ្វីដែរ កាលពេលនោះ ដោយយល់ថា សូម្បីតែសម្តេច សីហនុ ក៏ព្រះអង្គចូលនិវត្តន៍ដែរ រឿងខ្ញុំតូចតាចចាំបាច់អីព្រួយ ។ល។

achharia - 20/08/2011

…រាប់បញ្ចូលទាំងចរិតខ្មែរផងដែរ បានត្រឹមបបរខាប់ក៏អឿដែរ
អោយតែគេទាំងឡាយបានតែបបររាវៗដូចទឹក ។
បើឈឺ ប្រុយទៅព្យាបាលនៅបរទេសបាន កូនៗបញ្ជូនទៅរៀននៅ
បរទេសអស់បាន ក៏អឿគ្មានរណាដល់ ទៅខ្វល់អីពីគុណភាពនៃការ
អបរំនិងខាងសុខាភិបាលនោះ …នេះហើយធ្វើអោយខ្មែរនៅតែអន់។
សែហាសឹបតុលាមួយខែ វាស្មើនឹងបួនប្រាំកំប៉ុងមួយខ្ទះត្នោតកាល
សម័យពួកអាខ្មៅនោះដែរ …..នេះបើតាមខ្ញុំគិតម្ដងៗ !

Lovepeehs05 - 20/08/2011

នយោបាយបំបែកបំបាក់គ្នា បំបែកបំបាក់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត នៅតែមានដដែល រហូតមកដល់សព្វថ្ងៃនេះ គេនៅប្រើរបៀបដដែល គឺធ្វើឱ្យឪពុកម្តាយ បងប្អូន ញាតិមិត្ត ចេះទាស់គ្នា មិនទុកចិត្តគ្នា សង្ស័យគ្នា ជាដរាប និងបំផ្លើស បំភ្លៃទំនៀមទំលាប់ ក្នុងជំនឿដូនតា និងសាសនា ដែលបាន ន័យថា អត្តសញ្ញាណខ្មែរ នឹងត្រូវបាត់បង់នាពេលខាងមុខ ។ ខ្ញុំសង្កេតឃើញថា គេកំពុងតែរកលេស បន្តិចបន្តួចស៊កចូល ដើម្បីវាយប្រហារផ្ទៃក្នុងគ្រួសារ បងប្អូនញាតិមិត្ត និងទំនាក់ ទំនងខាងក្រៅណាមួយ រវាងគ្នានិងគ្នា បើសិនជាយើង មិនមែនជា ឬចូលបក្សពួករបស់គេ ។ នេះជាគំនិតផ្ទុយស្រឡះ ពីប្រជាធិបតេយ្យពិភពលោក ដែលគេកំពុងតែធ្វើសព្វថ្ងៃនេះ ។ គឺគេកំពុងតែធ្វើនយោបាយបង្រួបបង្រួមប្រជាពិភពលោក គ្រប់ស្រទាប់វណ្ណៈ គ្រប់ពូជឬជាតិសាសន៍ ឱ្យចេះរួបរួម សាមគ្គីគ្នា រស់នៅជាមួយគ្នា មិនប្រកាន់បក្សពួកអ្វីឡើយ ។ នេះជារឿងដែលខ្ញុំមិនយល់ស្រប ជាមួយបក្សកាន់អំណាច សព្វថ្ងៃនេះ ។ គឺមិនត្រូវធ្វើនយោបាយ ឱ្យរួមនៅតែបក្សមួយ ទេ តែចម្រុះបក្សពួកពូជសាសន៍គ្រប់យ៉ាង តាមសេរីភាព នៃការរស់នៅរៀងៗខ្លួន ។ មិនថាអញ្ចឹង ?

achharia - 21/08/2011

តែអ្វីដែលដូចការព្រួយបារម្ភនោះវាយូរគ្រប់គ្រាន់និង
ជ្រុលហួសពេលយូរយាណាស់ហើយ …ជាងម្ភៃសាមសិបឆ្នាំ
ហើយ ក្តីបារម្ភនិងការនិយាយបំភ័យបន្លាចបំព្រួយគ្នានៅតែ
មានជាបន្តគ្នានឈប់ឈរ ហើយមិនឃើញមានអ្នកចេញមុខ
អ្នកមានរូបមន្តថាត្រូវធ្វើម៉េចទេ..ណ៎វាចេញជាចំរៀងអឺងអ៊ើយ
កំណាព្យណែងណោងពីរោះរណ្ដំតៗគ្នាអែនោះទៅវិញឆ្កុយទេ
ដែលនរណាក៏ដឹងនរណាក៏ចេះតែថាបានស្ទើរស្រកៀត្រចៀក
ដូចៗគ្នាទៅហើយថា ខ្មែរសាមគ្គីខ្មែររស់ ខ្មែរបែកបាក់ខ្មែរស្លាប់​
ខ្មែរត្រូវចេះរួបរួមគ្នា ខ្មែរកុំភ្លេចអត្តសញ្ញាណជាតិខ្លួន ខ្មែរត្រូវ
ភ្ញាក់ខ្លួនកុំអោយអញ្ចេះ ប្រយ័ត្នអញ្ចោះ…។ល។
បើនិយាយពីអ្នកប្រឆាំងខ្លះ អោយតែតាំងឃុំ អុកគូថខ្លួនអែង
មុនរាល់តែដង …ខ្លះនៅសន្លប់រាប់ដប់មិនទាន់ងើបរួចផង ។
…នេះបើតាមជ្រុងមួយនៃទស្សនៈរបស់ខ្ញុំ !

12. Lovepeehs05 - 23/08/2011

ចឹងហើយអ្នកនយោបាយហាត់មិនទាន់ដល់ ភ្លាត់ស្នៀតម្តងៗចឹងឯង បើបានរៀននយោបាយច្បាស់លាស់ ប្រហែលមិនអីទេ ទាស់ត្រង់មិន ដែលបានរៀននយោបាយច្បាស់លាស់ផង ចង់ធ្វើនយោបាយ វាអញ្ចឹងឯង មកពីវាយតម្លៃនយោបាយខ្សោយពេក មកពីបកប្រែ នយោបាយខុស ។ កាលពីល្ងាចថ្ងៃសុក្រ នៅប៉ុស្តវិទ្យុអាស៊ីសេរី ឮបណ្ឌិតសុក ទូច និង យ៉ង់គឹមអេង ដែលធ្វើជាវគ្មិន បកប្រែ នយោបាយ ពីរោះស្តាប់ដែរតើ កាលពីមុនមក មិនដែលឮបកប្រែចឹងទេ ខ្ញុំមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ខ្ញុំសូមអបអរសាទរ ទទួលស្គាល់ នេះបានចំ ចំណុចរបស់ខ្ញុំដែលបាននិយាយនិងផ្សាយរួចមកហើយផងដែរ ហើយ ក៏ចាំមិនភ្លេចទេ កាលពីជាងពីរឆ្នាំមុន ដែលខ្ញុំបានឈានជើងមកក្នុងភូមិ វើដប្រែសនេះដំបូង គ្រាន់តែសរសេរដាក់ពាក្យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ គេលប់ចោលអស់ គេថាខ្ញុំនិយាយ នយោបាយ គេមិនចូលចិត្ត ហើយខ្លាច រហូតដល់ខ្ញុំបា្រប់ថា ខ្ញុំនាំដុំមាស ដុំពេជ្រមកឱ្យហើយ ម្តេចឡើយធ្វើព្រងើយ ដល់ឮអញ្ចឹងទើបគេ នាំគ្នាមកមើល ស្តាប់ខ្ញុំបកប្រែ ហើយក៏ឈប់បដិសេធដែរ តែនៅតែខ្លាច មិនសូវហ៊ាននិយាយ ពីព្រោះមានគេតែងកម្លា ។ ខ្ញុំក៏មិនទាន់ដឹងថា លោក achharia បានយល់នូវទ្រឹស្តី របស់ខ្ញុំដែលនិយាយបានប៉ុណ្ណា ដែរទេ ហើយក៏ធ្លាប់តែឮគេប្រៀបខ្ញុំនឹងអ្នកនយោបាយដែលធ្លាក់ទឹកនានា ផងដែរ តែខ្ញុំចេះតែឆ្ងល់ថា ខ្ញុំបានធ្វើនយោបាយពីអង្កាល់? បានចូល ឬប្រឡូកជាមួយបក្សនយោបាយណាមួយឬនៅ? តាមពិតខ្ញុំមិនទាន់ ដែល ចូលប្រឡូកនយោបាយម្តងណាសោះ តែក្នុងរយៈពេល ២០ ឆ្នាំនេះ រហូតមកដល់ពេលនេះ មានតែសរសេរនិងចងក្រង ប្រព័ន្ធនយោបាយ តែមួយគត់ តែធ្លាប់បានអះអាងថា បញ្ហានានាលើពិភពលោកក្តី នៅស្រុកខ្មេរក្តី ឬនៅទីកន្លែងណាក្តី មកពីមិនមានប្រព័ន្ធនយោបាយ ត្រឹមត្រូវសម្រាប់ប្រើប្រាសឬអនុវត្ត ទើបបញ្ហាកើតមានយ៉ាងដូច្នោះ ។ល។

achharia - 27/08/2011

សូមអធ្យាស្រ័យផង ខ្ញុំជាប់រវល់ពុំអាចតបច្រើននិងភ្លាមៗបាន។
ខ្ញុំដូចមិនទាន់សូវយល់ទ្រឹស្ដីនៃការរៀបចំដឹកនាំស្រុកទេសថ្មីរបស់
Lovepeehs05 នោះទេ តែសូមជួយអបអរដែលលឺថាអាមរិកបាន
យកទ្រឹស្ដីហ្នឹងទៅអនុវត្តព្រមទាំងបានសរសើរអរគុណផងដែរ ។
សង្ឃឹមថា Lovepeehs05 បានសុខសប្បាយនិងជោគជ័យជាបន្ត !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: