jump to navigation

តូចហើយខ្លីមែន ប៉ុន្តែ អូហូ៎! 03/09/2012

Posted by achharia in កំសាន្តកំប្លែង.
Tags: , ,
trackback

 
 
កំណត់ចំណាំត្រាផ្ទាល់ខ្លូនប្រចាំថ្ងៃ
 
រូបភាពខាងក្រោមទាំងប៉ុន្មាននេះថតកាលពួកយើងធ្វើដំណើរទៅលេង
ស្រុកអាល្លឺម៉ង់នៅខាងទីក្រុងស្ទតហ្កាត(Stuttgart)និងហួសទៅតំបន់
ហ្វិលបាក់(Fellbach) កាលពីថ្ងៃសៅរ៍ចុងអាទីត្យកន្លងទៅថ្មីៗនេះ ។
នេះជាកូនអនុស្សាវរីយ៍មួយដ៏តូច ហើយក៏តែក្នុងរយៈពេលដ៏ខ្លីមួយដែរ
ប៉ុន្តែវាបានធ្វើអោយខ្ញុំចាំដក់ទុកនិងលួចស្ងើចសរសើរលាន់មាត់ក្នុងចិត្តថា
អូហូ៎! ពិតជាមិនធម្មតាមែន!
ម្ដងនេះ មិនមែនលើករឿងកំប្លែងបែបស្មោកគ្រោក ដែលប្រហែលជាអ្នកខ្លះ
អាចគ្រាន់តែលឺពាក្យថាតូចខ្លីនិង​អូហូ…ក៏អាចនឹកទៅដល់ពីការសរសើររឺ
លើកពីគុណភាពគុណសម្បត្តិរបស់អាច្រម៉ក់នោះមិនខានទេ។
តាមពិតគឺខ្ញុំចង់និយាយពីកូនរោងកូនខ្ទមដ៏តូចច្រឡឹងមួយនោះ ដែលខ្ញុំបាន
ចំណាយពេលវេលាដ៏ខ្លីប្រហែលពីរបីម៉ោងដើម្បីបានរួមប្រស្រ័យទាក់ទង
ជាមួយអតីតនិស្សិតខ្មែរយើងមួយចំនួនដែលធ្លាប់បានទៅសិក្សារនៅបរទេស
ហើយដែលត្រូវព្រហ្មលិខិតកំរិតថាមិនអោយពួកគេត្រឡប់មករឺបកទៅរស់
នៅក្នុងមាតុប្រទេសកម្ពុជាជាទីស្នេហាវិញទេ ។
 
(នៅមានត…)
 

01-

 
02-
កូនខ្ទមដ៏តូចមួយនោះ
 
03-
—-
04-
កូនខ្ទមដ៏តូចមួយនោះ
 
05-
កូនខ្ទមដ៏តូចមួយនោះ
 
06-
កូនខ្ទមដ៏តូចមួយនោះ
 
07-
កូនខ្ទមដ៏តូចមួយនោះ
 
08-
កូនខ្ទមដ៏តូចមួយនោះ
 
09-
កូនខ្ទមដ៏តូចមួយនោះ
 
10-
កូនខ្ទមដ៏តូចមួយនោះ
 
11-
កូនខ្ទមដ៏តូចមួយនោះ
 
12b-
កូនខ្ទមដ៏តូចមួយនោះ
 
13-
កូនខ្ទមដ៏តូចមួយនោះ
 
14-
កូនខ្ទមដ៏តូចមួយនោះ
 
 
15-
កូនខ្ទមដ៏តូចមួយនោះ
 
16-
—-
17-
កូនខ្ទមដ៏តូចមួយនោះ
 
18-
កូនខ្ទមដ៏តូចមួយនោះ
 
19-
កូនខ្ទមដ៏តូចមួយនោះ
 
20-
កូនខ្ទមដ៏តូចមួយនោះ
 
21-
កូនខ្ទមដ៏តូចមួយនោះ
 
22-
កូនខ្ទមដ៏តូចមួយនោះ
 
23-
កូនខ្ទមដ៏តូចមួយនោះ
 


 

នាថ្ងៃសៅរ៍ ទី១ ខែ៩ ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ មេឃមិនល្អសោះឡើយ ។
មើលតាមទូរទស្សន៍ ខាងអ៊ុតុនិយមបានផ្សាយបង្ហាញថាមានភ្លៀងស្ទើរពាស
ពេញពិភពលោក មិនថាតែខាងអាម្រិកខាងជើងខាងក្បូង ខាងអាហ្វ្រិក អឺរ៉ុប
អាស៊ីនិងអូស្ត្រាលីអីទេ ។ គ្រប់កន្លែងសុទ្ធតែមានរូបសញ្ញាដុំពពកក្រម៉ៅៗនិង
រូបតំណក់ទឹកធ្លាក់ពីក្រោមពីរបីតំណក់…។ ដោយបានណាត់គ្នាមុនរួចហើយ
ពួកយើងគ្នាប្រាំនាក់ ល្មមមួយឡាន រាប់មានខ្ញុំ អនុប្រធានរបស់ខ្ញុំ និងក្មួយ
របស់ខ្ញុំទាំងប្តីប្រពន្ធនិងកូនម្នាក់ផង បានចេញដំណើរពីផ្ទះនៅម៉ោង៩ព្រឹក
ទាំងមេឃផ្អួរៗ ។ តាមផ្លូវរហូត…រហូតទៅដល់ទល់ដែនស្វ៊ិសអាល្លឺម៉ង់ រួច
ឆ្លងចូលដល់ទឹកដីហ៊ីធ្លែរនោះ ខ្ញុំគ្មានអោកាសបានថតរូបទេសភាពតាមផ្លូវទុក
មើលទេ ព្រោះមេឃភ្លៀងច្រើនហើយខ្លាំងៗផងស្ទើរតែមើលផ្លូវមិនឃើញ ជួន
ដល់កំណាត់ផ្លូវខ្លះបានឃើញរាំង ផ្លូវស្ងួតស្រស់បស់ថ្មីៗ ឆ្លាស់គ្នាជាមួយមេឃ
មីរពពកផ្អួរខ្មួលខ្មៅ រួចក៏តាំងភ្លៀងទៀតជាបន្ត តែក៏បានឃើញមេឃភ្លឺមើលបាន
ឆ្ងាយ ស្រឡះមុខស្រឡះមាត់មួយរយៈខ្លីម្ដងៗដែរ ។ បីម៉ោងកន្លះលើសខ្វះតិច
តួចក្រោយមក យើងបានចូលដល់និងបើកកាត់ទីក្រុងស្ទុតហ្កាតបន្តទៅកូនក្រុង
ហ្វិលបាក់ ដែលមានបងប្រុសបង្កើតរបស់ក្មួយស្រីខ្ញុំរស់ស្នាក់នៅទីនោះម្នាក់ ។
បើករហូតគ្មានឈប់សំរាកតាមផ្លូវ ដល់ភ្លាម ដល់ពេលបាយដែរ យើងក៏ប្រញាប់
បបួលគ្នាទៅញ៉ាំបាយថ្ងៃត្រង់នៅភោជនីយដ្ឋានចិនមួយ លក់ជាប៊ុហ្វេមួយចំអែត
៨អឺរ៉ូ ទឹកឡាប់យេស្រាគិតលុយថែមផ្សេង។ ដោយកម្មវិធីវិលវិញល្ងាចរឺយប់បន្តិច
ក៏បាន បន្ទាប់ពីបាយហើយ ពួកយើងបានឆ្លៀតចូលមើលផ្សារនិងទិញអីវ៉ែអីវ៉ាន់
ខ្លះយកមកវិញ ព្រោះនៅអាល្លឺម៉ង់អ្វីៗថោកធូរថ្លៃជាងស្វ៊ិសច្រើនគួរសមដែរ ។
ធម្មជាតិដូចយល់ចិត្តពួកយើង…នៅម្ដុំនោះ លើមេឃពពកបែប្រែជាសហើយរាង
ភ្លឺស្រឡះដូចឃើញក្នុងរួបថតហ្នឹងហើយ។ ថ្ងៃនោះត្រូវហ្នឹងថ្ងៃ១៥កើត ខែពេញបោ
រឺពេញបូណ៌មី…ខាងនោះគេមានជំនឿថាម្នាក់ៗអាចមានអារម្មណ៍មិនល្អ អាចមាន
រឿងរ៉ាវរឺការមួម៉ៅសៅម៉ងដាក់គ្នាខ្លះ..ខ្ញុំកំពុងតែគិតរឿងហ្នឹងក្នុងចិត្តម្នាក់អែង។ដឹង
ដូចនោះហើយ ខ្ញុំលួចត្រៀមគ្រប់គ្រងអារម្មណ៍អោយនៅបានល្អជានិច្ច តាំងចិត្ត
អោយធ្ងន់មិនឆេវឆាវ។ ដឹងអី…មានហេតុការណ៍មួយកើតឡើងនាថ្ងៃនោះធ្វើអោយ
រំខានអារម្មណ៍ទាំល់តែបាន។ គឺកាលនាំគ្នាទៅចូលទិញអីវ៉ាន់នៅហាងទំនិញហូបចុក
ពីអាស៊ី ពេលគិតលុយ ស្រាប់តែអនុប្រធានរបស់ខ្ញុំរកកូនកាបូបដៃដាក់លុយអត់
ឃើញដែលក្នុងនោះមានលុយផងនិងកាតអត្តសញ្ញាណប៍ណ្ណ កាតបើកឡាន កាត
ចាក់សាំង កាតដទៃខ្លះទៀត ធ្វើអោយខ្ញុំខ្វាយខ្វល់ក្នុងអារម្មណ៍ហើយជួយសួរនាំ
រកនឹកថាតើអាចភ្លេចបាត់ចាប់ពីទីណាដែលបានដកលុយទិញនាពេលចុងក្រោយ
នោះមក។ …។ ខ្ញុំលួចចាប់រាប់ក្បួនហោរាខ្ញុំភ្លែត បាត់ចំថ្ងៃសៅរ៍តែក៏ចំថ្ងៃ១៥កើត
ដែរ។ រាប់តែបួនពាក្យ គឺចាប់រាប់ដំបូងត្រូវថ្ងៃទី១កើតរឺ១រោចទៅថា ពងមាន់ ពងទា
ក្រសាំងទុំ ជ្រូកក្នុងទ្រុង មួយពាក្យត្រូវមួយថ្ងៃ រួចចាប់រាប់ពីពងមាន់(ចំថ្ងៃ៥កើត)
ឡើងវិញតរៀងទៅ…។ ឃើញថាដល់ថ្ងៃ១៥កើតចំលើពាក្យក្រសាំងទុំ បានន័យ
តាមក្បួនហោរថារបស់ដែលបាត់នោះនឹងរកឃើញវិញនៅមិនឆ្ងាយពីទីដើមទេ តែ
ត្រូវស្វះស្វែងរកបន្តិច ប្រៀបបានរកផ្លែក្រសាំងដែលជ្រុះក្រោមដើម កប់ក្នុងស្មៅបាត់
មើលមិនឃើញងាយៗហ្នឹងដែរ។ ផ្ទៀងផ្ទាត់ក្បួនហោរហ្នឹង ត្រូវបានមួយករណីនេះ
ទៀតហើយ ព្រោះកូនកាបូបនោះត្រូវបានរកឃើញវិញមែន គឺវានៅភ្លេចលើតុក្នុង
ផ្ទះបងប្រុសរបស់ក្មួយខ្ញុំអែនោះសោះ …អូហូ៎! ប្ហោងពោះអស់ម៉ាបន្តិចទៅ…
ល្អឡើងវិញ ។

ដើរទិញតាមផ្សារមិនបានអស់ចិត្តសោះ ព្រោះតែរឿងបាត់កាបូបលុយ ។ កំពុងតែនឹក
ស្ដាយអោកាស ស្រាប់តែថាដល់ពេលទៅលេងកូនខ្ទម(កូនរោង)ដែលនៅក្រោយផ្ទះ
ដើរប្រហែល២០០ម៉ែត្រ មើលពីចំងាយឃើញ ។ តាមការរៀបរាប់ប្រាប់ កូនរោងនោះ
សង់ឡើងលើកូនផ្ទៃដីដាំដំណាំប្រចាំគ្រួសារដែលមួយឆ្នាំត្រូវបង់តែ១៣អឺរ៉ូទេ ហើយក៏មិន
អស់ប្រាក់កាសក្នុងការសាងសង់វាដែរទេ ព្រោះទាំងដំបូលជញ្ជាំងកំរាលខាងក្រោមនិង
គ្រឿងគ្រៅចងបន្តោងទល់ទប់ទល់ជ្រែងទាំងអស់នោះសុទ្ធតែរកបានពីកន្លែងធ្វើការដែល
គេចោលលែងត្រូវការប្រើ រៀងៗខ្លួនយកមករួមផ្សំគ្នាសង់ ។ ជារៀងរាល់ចុងអាទិត្យ
ពួកគេតែងមកជួបជុំគ្នានៅក្នុងកូនខ្ទមនោះ ជួនថ្ងៃណាមានបើកថ្ងៃល្អ មានអាំងសាច់នាំគ្នា
ក្លែមស៊ីផឹកអាំងអួង ព្រោកប្រាចចំអកចំអន់ផាគ្នាលេងក្នុងលក្ខណៈជាមិត្តភាពទាំងស្រីទាំង
ប្រុស…អូហូ៎! បើបានស្ដាប់ ពួកគេពូកែផាគ្នាលេងណាស់ អត់ទប់ចំណើចមិនបានទេ ។
ពួកគេមានគូស្រករអស់ស្ទើរគ្រប់គ្នាហើយ មានទាំងកូនតូចៗដូចដែលឃើញកំពុងរត់លេង
ជាមួយគ្នាក្នុងរូបថតហ្នឹងផងដែរ តែមានខ្លះមិនទាន់មានកូនដែលត្រូវគេផាអោយ ខ្លះមិន
ទាន់មានគូប្រចាំជីវិតដែលត្រូវគេផាអោយ អោយបានរឿងសើចសប្បាយ …។ ម្នាក់ៗ
តែងយកម្ហូបអាហារទៅដាក់រួមគ្នា ។ ថ្ងៃដែលខ្ញុំទៅនោះ ដូចឃើញក្នុងរូបថត មាននំបញ្ចុក
ទឹកសម្លខ្មែរយើងមួយឆ្នាំង អន្លក់ត្រសក់ ត្រយ៉ូងចេក ជីរ សណ្ដែកបណ្ដុះ មានត្រីអាំង
ធំៗពីរ ឆាត្រកួន ក្រួចចៀន ត្រីងៀត មានបង្អែមដូចជា នំចាក់ច័ន្ទដូងកោស បាយដំណើប
និងតាប៉ែដំណើបខ្មៅ ដែលមួយមុខនេះខ្ញុំលឺគេសួរផាគ្នាថា តាប៉ែនេះម៉េចដូចគ្មានទឹកអ្ចឹង។
ស្រាប់តែមានអ្នកឆ្លើយជាស្ត្រីម្នាក់ប្រហែលម្ចាស់តាប៉ែហ្នឹងហើយ ឆ្លើយធ្វើហីបែបញឺមៗថា
អ៊ី…ហ្នឹងហើយតាប៉ែគោកនោះ …តាប៉ែគោកឆ្ងាញ់ណាស់ណា៎!…ខ្ញុំបានតែលួចសើច
ក្នុងពោះនិងនឹកក្នុងចិត្តថា អូហូ៎!ពួកគេផ្លែវោហាមិនណយប៉ុន្មានទេ ពិតជាស្និតស្នាលគ្នា
មែន។ ហ្នឹងទៅមិនទាន់អស់គ្នាដែលនៅក្បែរៗគ្នាទីនោះទេ អាយុស្របាលគ្នា ហ្សេនេរ៉ា
ស្យុងជាមួយគ្នា រៀនជំនាន់គ្នា…ស្រឡាញ់រាប់អានគ្នាគួរចូលរួមសប្បាយជាមួយណាស់។
ដោយឃើញក្នុងខ្ទមមានឡាប់យេទាំងកែស ប្រអប់ស្រាហិណឺស៊ី ហ្ចនីវ៉កឃ៍រប្ល៊ែកឡាបិល
និងវិស្គី…និងសកម្មភាពជល់កែវគ្នាដោយទឹកមុខសប្បាយរីករាយរកគ្នា លឺថាមានយប់ខ្លះ
ពួកគេបាននៅស៊ីផឹកបន្តរហូតដល់យប់ជ្រៅយប់ណាយប់ណីក៏មាន ខ្ញុំគិតថាពួកគេសុទ្ធ
តែ​ពោះចាស់ៗអស់ហើយ ព្រោះមិនឃើញនរណាមុខក្រហមដូចខ្ញុំពេលបានជាតិសុរា
ចូលក្នុងពោះម្ដងៗទេ។
ឆ្លៀតពេលដែលខ្ញុំកំពុងឆ្វែលថតរូបទិដ្ឋភាពទាំងនោះទុកជាកូនអនុស្សាវរីយ៍ផង ខ្ញុំនឹកក្នុង
ចិត្តបានថា អូហូ៎! ទីនេះមើលពីចំងាយឃើញជាកូនរោងកូនខ្ទមតូចពិតមែន តែដល់ចូល
អោយ​ដល់ជិតទៅខាងក្នុង ទោះជាខ្ញុំបានចំណាយពេលទីនេះតែរយៈពេលខ្លីក៏ដោយ
ខ្ញុំបានឃើញរស់ជាតិនៃជីវិតមួយដែលពួកគេបានរកឃើញ បានសប្បាយរីករាយជួបជុំគ្នា
រៀងរាល់ចុងសប្ដាហ៍ មិនចាញ់ពួកអ្នកមានមានប្រាក់រាប់លាន មានផ្ទះធំស្កឺមស្គៃ ដែល
ជួនកាលរកតែពេលសំរាកលំហែរកាយសប្បាយស៊ីផឹកអាំងអួង ដេកលក់ស្រួលមិនបាន
ផងក៏មាន ។

សង្ឃឹមថាពួកគេ គឺអតីតនិស្សិតខ្មែរយើងដែលទៅរៀននៅបរទេសតាំងពីជំនាន់សំបូរតែ
ពួកកម្មុយនិស្តទទួលស្គាល់ស្រុកខ្មែរនិងខ្មែរក្នុងស្រុក ដែលពុំបានវិលត្រលប់ទៅស្រុកវិញ
ទាំងអស់គ្នានេះ បានសប្បាយរីករាយជាបន្តតជាគំរូដល់កូនដល់ចៅរៀងទៅដែរ និងជិវិត
គ្រួសារពួកគេគង់បានជោគជ័យប្រកបដោយសុភមង្គលផងដែរ ។
 
ភាពអ៊ូអរសប្បាយក្អាកក្អាយក្នុងកូនខ្ទមនោះ អាចអោយគេរកពាក្យប្រដូចវាបាន
ដូចធ្លាប់លឺពាក្សចាស់តែងអួតប្រដូច ទៅនឹងខ្យងដែរថា៖
តូចតែខ្លួន តែក្រមួនចុកគូថ
ខ្លះនិយាយដល់ថា អូហូ៎! កុំមើលងាយណា
ឃើញតូចតែខ្លួន តែក្រមួនចុកក្តិតវើយ!
 


 
 

មតិ»

1. ស្រុកស្រែ - 04/09/2012

មានតភាគទៀត…😀

achharia - 04/09/2012

ខ្ញុំសរសេរតចប់ហើយ បើឃើញត្រង់ណាមិនទំនង
ជួយកែផង ! អរគុណប្អូនដែលបានចាប់អារម្មណ៍និងចំណាយ
ពេលអានផងដែរ ។ ខ្ញុំមិនពូកែរៀបរាប់អោយបានដូចចិត្តដែលខ្ញុំ
ចង់ទេ សរសេរក៏គ្មានព្រៀង គ្មានគំរោងក្នុងគំនិត សរសេរបណ្ដើរ
គិតបណ្ដើរ…អ្វីដែលនឹកឃើញខ្លះទៀតមិនហ៊ានសរសេរអស់ទេ
ទុកអោយរូបភាពទាំងនោះរៀបរាប់បន្តជំនួសខ្លះ…😀

2. ស្រុកស្រែ - 05/09/2012

មើលឃើញរូបទាំងនេះ នឹកស្រុកឆ្វីសណាស់..!!..😀

achharia - 05/09/2012

តែចំពោះខ្ញុំ នៅអែណាក៏ដូចមិនសប្បាយដូចនៅស្រុកខ្មែរ
ជាទីកំណើតរបស់ខ្លួនយើងដែរ…នៅយូរៗទៅបានដឹង
ឃើញការរីកចំរើនលូតលាស់គ្រប់វិស័យនានា ក្នុងចិត្តចេះតែ
នឹកប្រដូចមកស្រុកខ្មែរយើង ថាបើបានដូចគេ !

…ទើបនឹងត្រឡប់មកវិញសោះ នឹកច្រុកឆ្វ៊ិសទៀតហើយ ?
ខែណេះ ជិតដល់ទឹកកកធ្លាក់ត្រជាក់ញ៍រញាក់រួញអស់ទៀតហើយ
ចាំខែក្តៅចាំនឹក !😀

ស្រុកស្រែ - 05/09/2012

តែអ្នកនៅ​ស្រុកក្តៅ ពិតជាចង់ឃើញ​ទឹកកក​ធ្លាក់​​ នៅ​ស្រុកអឺរ៉ុប​ណាស់…

កំណាព្យស្នេហ៍មាស - 05/09/2012

មែនហើយ ខ្ញុំនៅស្រមៃឃើញទឹកកកឈូសព្រិលដាក់ទឹកស៊ីរូទៀតផង😀

achharia - 05/09/2012

@កំណាព្យស្នេហ៍មាសៈ
ខ្ញុំធ្លាប់ពូតទឹកកកដែលធ្លាក់មកនោះញ៉ាំសាកមើលដែរ
ពេលស្រេកទឹករកទឹកពុំបាន ។ ថ្វីបើវាពណ៌សស្គុះដូច
ទឹកកកឈូសមែន តែបើពូតវាដាក់ក្នុងកែវទុកអោយវា
រលាយបានជាទឹករាវ ជាញឹកញាប់ឃើញមានកំទេចសំរាម
ខ្មៅៗតូចៗដែលមកពីផ្សែងឡាននិងតាមរោងច័ក្រនានា។
​ហេតុហ្នឹងហើយទើបគេមិនកើបយកវាមកប្រើជំនួសទឹក
ធម្មតាទេ ។

achharia - 05/09/2012

@ស្រុកស្រែៈ

រឿងហ្នឹងខ្ញុំជឿ ដូចខ្ញុំកាលពីដំបូងដែរ ។
បានឃើញ ផ្លែកភ្នែក ងាកទៅខាងណាក៏សក្បុស
តែជាមួយនឹងភាពត្រជាក់(ខ្លាំង) មិនស្រួលប៉ុន្មានទេ
ម្យ៉ាងខ្ញុំធុញនឹងការស្លៀកពាក់ក្រាស់ៗ មួកផងស្រោមដៃផង
ម្យ៉ាងទៀតក៏បារម្ភពីការឆ្លងជំងឺដែរ ដែលជាញឹកញាប់នៅ
ខែទឹកកកហ្នឹង ភាគច្រើនកើតផ្ដាសាយ ហៀរសំបោរ តឹងច្រមុះ
ឈឺបំពង់ក ឆ្លងតគ្នា មួយគ្រួសារៗកំរមានគ្រួសារណារួចខ្លួន
ថាគ្មាននរណាឈឺណាស់ ។ សំរាប់អ្នកចូលចិត្តជិះស្គីនៅលើ
ភ្នំ គេបានសប្បាយផស់គេមែន តែជាល្បែងកីឡាសំរាប់អ្នក
សំបូរប្រាក់ចាយ ព្រោះទំរាំតែបានទៅជិះវា បូករួមទាំងស្បែក
ជើងស្កី តួស្កី ខោអាវសំរាប់ជិះស្គី មួក វ៉ែនតា …អស់មិនតិច
ជាង១០០០ហ្វ្រង់(រឺ១០0០ដុល្លាទេ) រួចនៅបូកថ្លៃដំណើរទៅមកពី
ផ្ទះទៅកន្លែងភ្នំដែលគេសំរាប់នាំគ្នាជិះ ដល់ហើយនៅថ្លៃអោយគេ
សណ្ដោងទៅទីខ្ពស់លើភ្នំហ្នឹងទៀត ហើយ…បើបាយទឹកមាន
ណេះមានណុះជាមួយតាមភោជនីយដ្ឋានទៀត …អូហូ៎! ខ្ញុំថា
ទុកសោហ៊ុយអស់ហ្នឹងទៅរឺមកលេងស្រុកខ្មែរយើងបានមួយ
ជើងយ៉ាងល្មមស្រួលដែរ ។
កាលពីនៅស្រុកខ្មែរ ខ្ញុំស្មានតែបើចង់ជិះស្គីលេង គ្រាន់តែស្លៀក
ពាក់ខោអាវនិងស្បែងជើងធម្មតាៗទៅ នឹងជិះលេងបានហើយ
រអិលស្រួលណាស់មើលទៅ ..តាមពិតពួកជីះស្គីក៏សម្បូរមាន
គ្រោះថ្នាក់ដល់បាក់ដៃបាក់ជើងដែរ។ បើជិះមិនពូកែ អាចដួលប៉ះថ្ម
ប៉ះទឹកកករឺងឈឺខ្លួនពកមុខពកមាត់បាន រហូតដល់បាក់ឆ្អឹងដើរជើង
បីជើងបួនក៏មានដែរ ។
…មិនស្រួលដូចអោយគេម៉ាស្សាលើគ្រែទេ😀

ស្រុកស្រែ - 06/09/2012

បងមានប្រសាសន៍​នេះ ធ្វើ​អោយ​ខ្ញុំ​នឹក​ភ្នំទឹកកក​ណាស់… បើទោះ
​ជាអត់ចេះ​​ជិះស្គី​​នឹង​គេ​ ក៍ខ្ញុំ​ធ្លាប់សាកក្តារ​រអិល​លើ​ទឹកកក​​ដែល​ជា​
របស់​ក្មេងៗ​ជិះ​លេង​ដែរ…😀

achharia - 06/09/2012

និយាយពីក្ដារអិល(គាវទឹកកក)លើទឹកកកសំរាប់ក្មេងៗ
អ្វឹង ធ្វើអោយខ្ញុំនឹកឃើញកាលនៅពីតូចៗធ្លាប់នាំគ្នាយក
ស្រទបស្លាធ្វើជាគាវ ម្នាក់ជិះម្នាក់អូស អូសគ្នាលេងតាមផ្លូវ
ដែលមានផង់ដីហុយពីលើ រំកិលរអិលទៅមុខប្រុយស្រួលៗ
ដូចជិះគាវទឹកកកលើទឹកកកលេងហ្នឹងដែរ…ឃឹក!😀

3. Lovepeehs05 - 06/09/2012

បើតាមស្តាប់ទៅសប្បាយមែន តែមិនបង្ហាញមុខ ប្រហែលមិនបានបង់ពន្ធ រឿងខាងផឹកស៊ីហ្នឹងទេ មើលទៅ ។ ការជួបជុំគ្នាមិត្តភគ្រចាស់ពិតជា អស្ចារ្យមែន ជាពិសេសនៅឆ្ងាយពីគ្នា រហូតដល់ប្រទេសផ្សេងគ្នាទៅទៀត នោះ ។ បើបានទៅលេងស្រុកខ្មែរ កុំភ្លេចហៅលោកស្រុកស្រែ ជាអ្នកប៉ាវ គ្រឿងក្លែម និងនាំដើរកំសាន្តតាមមរណីយដ្ឋាននានា នៅកម្ពុជា ។ សូមអរគុណអច្ឆរិយៈ ដែលបានចែករំលែក ការសប្បាយ ចុងសប្តាហ៍ !!

achharia - 06/09/2012

បានសប្បាយផស់គេមែនហើយ មើលទឹកមុខតាមរូបថតក៏ដឹងដែរ។
រឿងពន្ធ គឺតាមសង្កត់កគ្រប់ម៉ាត់គ្រប់ដុំគ្រប់ក្អឹកមានដូចតែគ្នាហ្នឹង
គ្រាន់តែខុសគ្នា នៅខាងអឺរ៉ុបគេគិតស្រេចៗក្នុងតំលៃលក់ អ្នកទិញ
ទិញដូចមិនដឹង មិនចាប់អារម្មណ៍ មិនថែមលុយបង់តាមក្រោយ
អោយដឹងដូចនៅខាងស្រុកម្រេចទេ ។ រឿងមុខ ចង់បង្ហាញអោយ
បានច្បាស់ដែរ តែមកពីខ្ញុំមិនពូកែថត😀
ខានជួបគ្នាយូរ មិនលឺរអ៊ូរទាំ សង្ឃឹមថា Lovepeehs05 ក៏កំពុងបាន
សុខហើយសប្បាយផងដែរហើយ ។

Lovepeehs05 - 06/09/2012

អរគុណអច្ឆរិយៈ តាមពិតទៅនៅទីនោះ ក៏មិនខុសគ្នា នៅអឺរ៉ុបដែរទេ តែខ្ញុំចង់និយាយបន្ថែមត្រង់ នាំគ្នាក្លែម អត់បង្ហាញមុខប៉ុណ្ណោះ តែដូចជាធូរណាស់ខាងធ្វើរោង ក្លែមយកពន្ធតិចណាស់ នៅទីនោះគេយកថ្លៃណាស់ ។ ម្យ៉ាងទៀត រឿងទឹកកកធ្លាក់នៅស្រុកអច្ឆរិយៈ ច្រើន ណាស់មើលទៅ រដ្ឋដែលខ្ញុំនៅដំបូងគឺធ្លាក់ខ្លាំងណាស់ គេថាមិនដែលមានទេ ១០០ ឆ្នាំហើយ ទើបតែឆ្នាំនោះ ឯង គឺតាមចញ្ចើមថ្នល់អាចមានស្មើចង្កេះ ស្មើភ្លៅ -៥០ ក្រោម ០ ៣-៤ ថ្ងៃដំបូងកេងមិនលក់ទេ នាំគ្នាអង្គុយ មើលទឹកកធ្លាក់ ដូចសំឡីធ្លាក់មកពីលើមេឃដូច្នោះដែរ ព្រឹកឡើងចុះមើល ញាំសាកមើល មិនខុសគ្នានឹងទឹក កកឈូសដែរទេ នឹកឃើញទឹកសេរ៉ូដែរ តែមិនមាន នៅពេលនោះ ។ ល។

achharia - 06/09/2012

ទឹកកកធ្លាក់ខាងខ្ញុំប៉ុន្មានឆ្នាំចុងក្រោយនេះក៏ស្បើយជាងមុនៗ
ដូចគ្នា គ្រាន់តែពីឆ្នាំទៅត្រជាំក់ខ្លាំងបន្តិច ដល់ជាងក្រោម
២០អង្សាសេ ។ រឿងថ្លៃឈ្នួលដី គឺតែកន្លែងហ្នឹងទេ ក្រៅពីហ្នឹង
ថ្លៃៗដូចតែគ្នា បួនដប់ម៉ែត្រការេសំរាប់ដាំដំណាំបន្លែតិចតួច
មួយឆ្នាំៗយ៉ាងហោចក៏ខ្ទង់រាប់រយដុល្លាអែនោះ ។ និយាយពី
ថាចង់ឃើញមុខច្បាស់ ចាំលើកក្រោយ…ហេហេ៎(ភាសាទូត)😀
ណាខ្លាចត្រូវអំពើអំពាយអំពាន់ផស់គេផង ខ្លាចឆ្កែខាំផង ហើយ
ដូចខ្ញុំប្រាប់ហើយដែរផងថា ខ្ញុំមិនសូវពូកែថតទេ ។
និយាយរឿងទឹកកកឈូសដាក់ទឹកសារ៉ូ នឹកឃើញកាលនៅរៀន
ពីតូចៗ ខ្ញុំចូលចិត្តអោយគេដាក់អាទឹកក្រវ៉ាញហិលៗពណ៌
បៃតងជាងគេ ….ចាំមើលឆ្នាំនេះសាកមើល !

4. ទេវតាចិត្តល្អ - 06/09/2012

បន្ទាប់ពីបានមើលរូបថតនោះរួចមក ខ្ញុំមានអារម្មណ៏ថា ថ្វីតែពួកគាត់បានទៅរៀនស្រុកអឺរ៉ុបតាំងតែពី៦០ឆ្នាំមុនក៏ដោយ ក៏ពួកគេនៅតែធ្វើម្ហូបខ្មែរ និងប្រាស្រ័យទាក់ទងគ្នាជាភាសាខ្មែរបានដដែល។​ ហើយសង្សឹមថាពួកគេនឹងមកជួយស្រុកខ្មែរនៅពេលមានអាសន្ន​។

achharia - 06/09/2012

មើលយ៉ាងម៉េចបានឃើញថាពួកគាត់ទៅរៀនតាំងតែពី
៦០ឆ្នាំមុនម្ល៉េះនោះ ?😀
ពួកគាត់អាយុក្នុងរង្វង់ពីម្ភៃផ្លាយទៅសាមផ្លាយប៉ុណ្ណឹងទេ ។

ទេវតាចិត្តល្អ - 06/09/2012

អូ! ខ្ញុំច្រឡំ!​ខ្ញុំស្មានថាតាំងពីជំនាន់កុំម៉ុយនីសស្រឡាញ់ស្រុកខ្មែរ ជំនាន់ បញ្ញាវ័ន្តខែ្មរនៅស្រុកបារាំងទស្សវត្ស ទី ៥០ និង ៦០ ដូចជា លោក កេង វ៉ាន់សាក់ លោក ហូ យន់ ហូ នឹម។
តែយ៉ាងណា ក៏ខ្ញុំនៅតែសរសេរគាត់​នៅឆ្លៀត ធ្វើនំបញ្ចុក សំលរខ្មែរដូចក្នុងរូបថត ហូបជួបជុំគ្នាទៀតទោះបីជានៅស្រុកគេខ្វះគ្រឿងផ្សំខែ្មរក៏ដោយ។

achharia - 06/09/2012

មិនមែនទេ គឺជំនាន់យួនចូលស្រុកថ្មីៗនេះ ដែលកាលនោះ
មានតែស្រុកកម្មុយនិស្តទេដែលអោយបួកដល់យុវជនខ្មែរទៅរៀន
ដូចជា សូវៀត អាល្លឺម៉ង់ខាងកើត ប៉ូឡូញ ឆេកូ …ជាដើម ។
ក្រៅពីម្ហូបអាហារខ្មែរយើង ណ៎!នៅជញ្ជាំងមានរូបគំនូរអង្គរវត្ត
នាពេលថ្ងៃរះផងដែរ…ទីណាមានខ្មែរ ទីនោះមានរូបអង្គរវត្ត !
ខ្មោចកម្មុយនិស្តនៅតែតាមលងប្រជាជនខ្មែរយើងបាននៅ
ឡើយ ទោះបីអាពណ៌ក្រហមទាំងនោះវាបានសាកសាបរលាប
ទៅជាពណ៌ផ្កាឈូកអស់ហើយក៏ដោយ …។ល។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: