jump to navigation

រូបកំរើកថ្ងៃនេះ(៣០-១០-២០១០) – តំរួត និង តម្រួត 30/10/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
trackback
 

កំរើក រឺ(ឬ) កម្រើក ?

ខាងក្រោមនេះជារូបកំរើកដែលមានទំរង់ហ្វាយល៍ជា gif animation សំរាប់តាំង
លំអទំព័រនៅ ថ្ងៃទី៣០ ខែ១០ ឆ្នាំ២០១០ នេះដើម្បីចែកគ្នាមើលលេងកំសាន្ត ។

ខ្ញុំបានគិតមួយសន្ទុះ(សន់ទុះ?)ដែរថាគូរសរសេរពាក្យ កំរើក នេះជា កម្រើក
ដោយប្រើជើងអក្សរតំរួត(តម្រួត)រឺក៏មិនបាច់ ។ អូ៎! ខ្ញុំក៏បាននឹកឃើញហើយដែរ
ថាតាមក្បួនវេយ្យាករណ៍ខ្មែរបុរាណគឺ ពាក្យណា​ដែលក្លាយមកពីពាក្យដើមណា
មួយដែលគេសរសេរជាព្យាង្គតំរួត ត្រូវសរសេរបែបតំរួតតាមនោះ តាមគ្នា ។

ឧ.- ត្រួត(កិ.វិសេស) > តម្រួត(គុណនាម,កិរិយាស័ព្ទ) :
ខ្ញុំបានតំរួតសៀវភៅជាពីរជង់ ព្រោះក្របវារឹងនិងអាចនៅត្រួតគ្នាបាន ។
ខ្ញុំបានត្រួតសៀវភៅជាពីរជង់ ព្រោះវារឺងនិងអាចនៅតម្រួតគ្នាបាន ។

-ក្រើក(កក្រើក)(កិ., កិ​.វិ.) > កម្រើក(កិរិយាស័ព្ទ, គុណនាម) :
ក្នុងការបកប្រែជាខ្មែរតាមទំព័រអេឡិកត្រូនិកនេះកំពុងមានការខ្វែងយោបល់គ្នា
រហូតដល់មានការដៀលថ្មេះនិងប្រមាថគ្នាធ្វើអោយគេផ្អើលតាមមើលឡើង
ក្រើកទឹកក្រើកដី(ក្នុងការនិយាយគេច្រើនថា កក្រើកទឹកកក្រើកដី ដូចពាក្យ
ក ដែលភ្ជាប់ក្បាលនិងដងខ្លូនដែរ គេនិយាយថា កក គឺថែម ក មួយម៉ាត់ទៀត)
តែហាក់ដូចជាគ្មានបានកំរើកអ្វីទៅដល់ក្រុមអ្នកទទួលខុសត្រូវផ្នែកព៌តមានវិទ្យា
ថ្នាក់ជាតិនៅក្នុងស្រុកសោះ ព្រោះមិនឃើញមានការចូលជួយសំរបសំរួលនៅឡើយ។

ចុះហេតុអ្វីបានជាខ្ញុំជ្រើសយកការសេរសេរបែបព្យាង្គរាយ ជាជាងបែបព្យាង្គតំរួត ?
( នេះគ្រាន់តែជាសំនួរមួយដែលខ្ញុំសួរខ្លួនអែងទេ )
 
gif-animation-on-30-10-2010
 
 
ខ្ញុំក៏បានសាកល្បងឆ្លើយផង ឆ្លៀតពន្យល់និងរំលឹកដល់ខ្លួនអែងផងដូចខាងក្រោមថា ៖
អូ៎!កាលនោះ កាលពីសម័យឆ្នាំចិតសឹបប្លាយ សម័យសាធារណរដ្ឋ សម័យខេមរយានកម្ម
គេថា អក្សរសាស្ត្រខ្មែរមានការរីកចំរើនបានដល់កំរិតមួយគួរអោយកត់សំគាល់ណាស់។
កម្មវិធីសិក្សានៅថ្នាក់ក្រោមឧត្តមសិក្សាត្រូវបានកែប្រែ គ្រប់មុខវិជ្ជាត្រូវប្រែជាភាសាខ្មែរ
ទាំងអស់ កំអែលគរុកោសល្យរបស់ពួកបារាំងដែលតំរូវអោយកូនខ្មែររៀនជាភាសាបារាំង
ចាប់ពីថ្នាក់អនុវិទ្យាល៏យទៅក៏ត្រូវបានកូនខ្មែរអ្នកស្រលាញ់ភាសាជាតិនាំគ្នាជំរុះចោលអស់។
នេះមិននឹកនិយាយរហូតទៅដល់សម័យបារាំងដែលត្រូវរៀនបារាំង រៀនអ៊ីអ៊ុយតាំងពី
ថ្នាក់អង់ហ្វង់តាំងគឺថ្នាក់ទី១២រៀន ក ខ ដំបូងដែរនោះទេ ។ មែន! កូនខ្មែររៀនគ្រប់មុខ
វិជ្ជាជាភាសាខ្មែរ យល់បានលឿនជាង យល់បានច្បាស់ជាង បានពិន្ទុល្អៗពូកែៗជាង
អ្នករៀនជំនាន់ភាសាបារាំង បើគិតជាទូទៅ ។ ដំណាលគ្នានោះដែរ សាស្ត្រាចារ្យផ្នែក
អក្សរសាស្ត្រនិងអក្សរសីល្ប៍ខ្មែរដែលភាគច្រើនបានទទួលចំណេះដឹងបន្តពីលោក កេង
វ៉ាន់សាក់ ក៏បានបំផុសអោយយុវសិស្សខ្មែរនិយមស្រលាញ់ប្រើប្រាសពាក្យខ្មែរជាជាង
ពាក្យកំចីមកពីខាងភាសាបាលីនិងសំស្ក្រិតដែរ បើវាមានន័យដូចគ្នានិងជំនួសគ្នាបាន ។
អ៊ុទាហរណ៍ ប្រើពាក្យ ផ្ទះ ជាជាងពាក្យ គេហស្ថាន, យប់ ជាជាង រាត្រី… ជាដើម ។
ផងដែរ ដើម្បីសំរួលក្នុងការសរសេរអក្សរខ្មែរដោយប្រើម៉ាស៊ីនវាយអក្សរ(អង្គុលីលេខ)
ដែលឆ្នៃប្រឌិតដោយលោក កេង វ៉ាន់សាក់ កូនខ្មែរភាគច្រើនជំនាន់នោះបាននាំគ្នាយល់
ជឿតាមពីភាពមានប្រៀបជាងក្នុងការសរសេរពាក្យជាព្យាង្គរាយ ព្រោះពាក្យខ្លះបើសរសេរ
ជាបែបតំរួតជើងអក្សរច្រើនជាន់ ត្រូវចុចគន្លិះអង្គុលីលេខនោះច្រើនដងផង តំរូវជួរស្រៈ
ដែលនៅជួរក្រោមដូចស្រៈអុ ស្រៈអូ និងស្រៈអួ ជាដើមទំរាំបានត្រូវផង ។ ទៀតផងដែរ
ការកាត់បន្ថយរបៀបសរសេរត្រួតមកអោយបានឃើញច្រើនជាអក្សរនៅរាយរាបៗស្មើគ្នា
ជាងនេះក៏បានជួយលើកសំរស់សំនេរជាតួអក្សរខ្មែរយើងផង ក៏ដូចជួយដល់គំហើញក្នុង
ការអានផងដែរ គឺវាមិននៅពពាក់ពពូនគ្នាខ្លាំងពេកទេ ។ ជាពិសេសមកទៀត គឺមកដល់
សម័យកុំព្យូទ័រសព្វថ្ងៃនេះតែម្តង មានទំព័រខ្លះ មានប្លក់ខ្លះ ដូចនៅតាមបណ្តាញសង្គមឬ
ណិតវើកសង្គមខ្លះ អ្នករៀបរៀងបានតាក់តែងម៉ូតទំព័រគំរួសំរាប់អោយប្រើបានស្រេចៗ
ដោយទុកប្រលោះខ្លះអោយវាយតួអក្សរចូលបាននិងឃើញបានអស់តែចំពោះពាក្យណា
ដែលគេសរសេរត្រួតតែមួយជាន់ គឺគេតំរូវយកតាមកំពស់របស់តួអក្សរឡាតាំងប៉ុននោះ ។
អ្នកលេងប្លកក៏ដូចអ្នកធ្វើវេបសៃថ៍ខ្លះគង់មានថ្ងៃជួបប្រទះបញ្ហានេះមិនខាន ។

ដូចនេះ ខ្ញុំគ្រាន់តែគិតថាការសរសេរបែបពង់រាយ វាមិនមែនជាកំហុសធ្ងន់ធ្ងរអ្វីទៅ
ដល់ថ្នាក់អោយវង់វេងបាត់ឈឹងរកធៀបដើមពាក្យចុងពាក្យមិនឃើញវិញសោះនោះទេ
តែវាបែរជាមានប្រៀបជាងទៅវិញផង ដូចបានរៀបរាប់ត្រួសៗខាងលើរួចមកហើយ ។
កាលពីឆ្នាំចិតផ្លាយនោះ ខ្លះយល់ថាអក្សរសាស្ត្រខ្មែរកំពុងវិវត្តនិងរីកចំរើន កំពុងបង្ហាញ
លក្ខណៈជាខ្មែរកាន់តែបានច្រើនឡើងៗ កំពុងតែកែប្រែសំរស់របស់ខ្លួន ….ដល់មកអីឡូវ
ស្រាប់តែគេ ស្រាប់តែយើងនាំគ្នារឺបញ្ជារគ្នាអោយនិយម អោយត្រូវតែសរសេរពាក្យអោយ
បាននៅត្រួតគ្នា កកកុញលើគ្នាច្រើនជាន់ទៅតាមក្បួនវេយ្យាករណ៍បុរាណនោះទៅវិញ ។

…ហើយខ្ញុំក៏បានដន់ដឹងសួរខ្លួនអែងបន្តទៀតដែរថា

តើអក្សរសាស្ត្រខ្មែរយើងកំពុងវិវត្តខ្លួនទៅ​មុខរឺមកក្រោយ ? កំពុងមកមុខឬទៅក្រោយ ?
កំពុងទៅមុខរឺទៅក្រោយ ? កំពុងមកមុខរឺមកក្រោយ ?

 
 
សូមមើលក្នុងទំព័រមួយនេះរបស់វចនានុក្រមសម្តេចសង្ឃ ជួន​ ណាត ផងដែរចំពោះពាក្យ
សំគម សំគាល់ សំងាត់ …និងមានច្រើនទៀតដែលសរសេរជាព្យាង្គរាយងាយមើលជាង
ដូចជា សំដី សំដែង សំណាក់ សំណើ…សំទក់ សំទង់​ សំទុះ​ សំអុយ សំអុះ… ។ល។

តាមវចនានុក្រម

 
 


 

 

មតិ»

1. khmerbirder - 31/10/2010

យល់​ពី​ភាព​ងាយស្រួល​តែ​វា​គ្មាន​អំណះអំណាង គ្មាន​ក្បួន​ទើប​មិន​ចង់​ប្រើ​បែបហ្នឹង ។ ទោះជា​វា​មិនបង្ហាញ​ល្អ​ដូច​សរសេរ​រាយ​ក៏ដោយ តែ​ខ្ញុំ​នៅតែ​សរសេរ​ត្រួត​ព្រោះ​វា​មាន​ក្បួន​និង​អំណះអំណាង ។

achharia - 31/10/2010

សូមអរគុណ Khmerbirder ច្រើនដែលបានចូលលេងប្លកខ្ញុំនិង
ចំពោះចំណាប់អារម្មណ៍លើសំនេររបស់ខ្ញុំនេះផងដែរ ។ ការតាំងចិត្ត
នៅរក្សារបៀបសរសេរត្រួតតាមក្បួនវេយ្យាករណ៍បុរាណនិងថាមាន
អំណះអំណាង ជាជាងការសរសេរបែបព្យាង្គរាយដោយមិនគិតពី
អំណះអំណាងខ្លះៗដូចខ្ញុំធ្លាប់ដឹងនិងរៀបរាប់នោះ គឺជាជំហរមួយ
ដ៏រឹងប៉ឹងដើម្បីរក្សាឯកភាពក្នុងវិស័យអក្សរសាស្ត្រខ្មែរយើងមែន
តែបំរែបំរួលខ្លះៗដែលបើសិនជាមតិភាគច្រើនឃើញថាវាមានផល
វិជ្ជមានវិញដែរ បើគេនាំគ្នានិយម គេចង់កែសំរួលដើម្បីភាពងាយ
ស្រួល ដោយឯកភាពស្រុះស្រួលគ្នា ក៏គួរពិចារណាជាបន្តផងដែរ ។
ទំរាំបានប៉ុននេះ ក្នុងអក្សរសាស្ត្រខ្មែរយើងក៏បានការកែប្រែមិនតិច
ដងហើយដែរ ហើយដំណាក់នេះក៏មិនមែនជាដំណាក់ចុងក្រោយ
ថាភាសានិងអក្សរខ្មែរយើងត្រូវឈប់មានការកែប្រែកែលំអជាបន្ត
ទៀតអែណា ….នេះបើតាមខ្ញុំយល់និងគ្រាន់តែជាមតិផ្ទាល់ខ្លួនទេ
ចំពោះខ្ញុំ មិនប្រកាន់យកខាងណាខុស​ខាងណាត្រូវពេកទេ គឺលៃ
ទៅតាមទីកន្លែងនិងកាលៈទេសៈ ។

2. ហនុមាន - 31/10/2010

ហេស​ឡូយផ់ស់គេហ្មង ! អរគុណបានចែកចាយ នៅខ្វះមួយ មេចអត់ឃើញមានអ្នក ងូតទឹកស្រាត ? 😀 និយាយលេងរ៉េ ។ រឿងត្រួត មិនត្រួត ស្រេចតែយើងរ៉េ ឆាយ៉ា ជួនកាលខ្ញុំ ចង់សសេរត្រួត ខ្ញុំសសេរត្រួតរ៉ៅ ងៃណា ខ្ញុំចង់សម្រាយ ខ្ញុំសម្រាយរ៉ៅ តាមតាពេលនឹកឃើញ ។ អក្សរខ្មែរ បើនៅមានពួកផលិតវីឌីអូ សំរាប់ ការ៉ាអូខេ ច្បាស់ជាវិលក្រោយហើយ ព្រោះពួកហ្នឹងចូលចិត្តសម្រាយណាស់ នេះជាការសង្កេតឃើញរបស់ខ្ញុំ រ៉េ ។ អរគុណ

achharia - 31/10/2010

រករូបហនុមានមួយស្រាតមិនទាន់ឃើញទេ ចាំមើលបន្តិចទៀត
ក្រែងរកឃើញ ចាំដាក់ចែកគ្នាមើលបន្ថែម ហេសហេ៎ 😆 ។
អរគុណហនុមានដែលបានចូលលេងនិងចំពោះរូបដើមដែលខ្ញុំបាន
ចំឡងយកមកថែមថយអោយឃើញទឹកធ្លាក់ដូចហូរខ្ជាកៗនេះផងដែរ ។
រឿងសរសេរត្រួតមិនត្រួតនេះ ព្រោះខ្ញុំឃើញអ្នកសរសេររាយក៏
ហាក់ដូចជាកាន់តែច្រើនឡើងៗ ហើងនឹកថាក៏ដូចស្រួលម្យ៉ាងដែរ
ជាពិសេសនៅលើវេបសៃថ៍ក៏ដូចជាមួយកម្មវិធីអនុវត្តខ្លះៗដែរ ។

3. sophatcam - 02/11/2010

ហើយរូបនឹងគេធើមិចរ៉ូវ?

achharia - 02/11/2010

ងាយជាងទេ គ្រាន់តែរក្សាវាទុកជារូបមួយមានទំរង់ជា jpg ទៅ វានឹងនៅនឹងមិនកំរើកទេ ។
 
រូបនឹងថ្កល់

រូបកំរើក

 


 

4. Keygen - 02/11/2010

great! Very useful.

achharia - 06/11/2010

thanks for the way.


ទំលាក់ មួយចំលើយតប ទៅ Keygen បោះ​បង់​ការ​ឆ្លើយ​តប